ប្រធានាធិបតីតួកគីចុះសួរសុខទុក្ខជនរងគ្រោះរញ្ជួយនៅទីក្រុងឌីយ៉ាបាគី
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ និងលោកជំទាវទីមួយ អ៊ីមីន អឺដូហ្កាន់ បានទៅសួរសុខទុក្ខអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅទីក្រុងឌីយ៉ាបាគី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។
លោក អឺដូហ្កាន់ បានថ្លែងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះមហន្តរាយថា រដ្ឋាភិបាលរបស់គាត់នឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលជាប់ពាក់ព័ន្ធក្នុងការលួចប្លន់ និងឧក្រិដ្ឋកម្មផ្សេងទៀតនៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះ ខណៈដែលបញ្ហាសន្តិសុខនៅទីនោះបានផ្តោតជាកត្តាសំខាន់។
លោកថា យើងបានប្រកាសភាពអាសន្ន ដែលវាមានន័យថា ចាប់ពីពេលនេះតទៅ អ្នកដែលពាក់ព័ន្ធនឹងការលួចប្លន់ ឬការចាប់ជំរិតគួរតែដឹងថា ដៃដ៏រឹងមាំរបស់រដ្ឋ គឺស្ថិតនៅលើខ្នងរបស់ពួកគេ។
ប្រធានាធិបតីតួកគីរូបនេះបន្ថែមថា អគាររាប់សែនកន្លែងគឺមិនអាចរស់នៅបាននៅទូទាំងភាគខាងត្បូងប្រទេសតួកគី ហើយអាជ្ញាធរនឹងចាប់ផ្តើមដំណើរការសាងសង់ឡើងវិញក្នុងពេលឆាប់ៗនេះ។
លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់ទៀតថា យើងមានគម្រោងសាងសង់អគាររាប់សែនខ្នងឡើងវិញ។ យើងនឹងចាប់ផ្តើមចាត់វិធានការជាក់ស្តែងក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់នៅតួកគីបានកើនឡើងលើស ២១,០០០នាក់៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ទីណា

