មេដឹកនាំហ្វីលីពីនប្រកាសបើកចំហចំពោះកិច្ចព្រមព្រៀងយោធាជាមួយជប៉ុន

ម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានថ្លែង កាល ពីថ្ងៃអាទិត្យថា គ្មានហេតុផលដែលហ្វីលីពីនមិនគួរមានកិច្ចព្រមព្រៀង កងកម្លាំងបំពេញទស្សនកិច្ច(VFA)ជាមួយជប៉ុននោះទេ ប្រសិនបើវា នឹង ជំរុញសន្តិសុខដែនសមុទ្រ ដែលធានាថា អ្នកនេសាទហ្វីលីនកាន់តែ ទទួល បានកិច្ចការពារកាន់តែកក់ក្ដៅថែមទៀតនោះ។

លោក ម៉ាកូស បានប្រាប់អ្នកយកសារព័ត៌មានថា លោកនឹងអនុវត្តការយក ចិត្តទុកដាក់ក្នុងការបន្តកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះជាមួយទីក្រុងតូក្យូដោយសារតែហ្វីលីពីនមិនចង់បង្កហេតុឱ្យប្រទេសណាមួយនោះទេ។ នេះ បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នេះរបស់លោក ម៉ាកូស ធ្វើឡើងក្នុងដំណើរ ទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសជប៉ុន និងបន្ទាប់ពី ហ្វីលីពីនអនុញ្ញាតឱ្យយោធាសហរដ្ឋអាមេរិកអាចចូលប្រើប្រាស់មូលដ្ឋានយោធាបន្ថែមទៀតក្នុងប្រទេសរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង VFA ដែលជា ទង្វើដែលប្រទេសចិនបានចោទប្រកាន់ថាធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ និងបង្កើនភាពតានតឹង។ ជាទូទៅ កិច្ចព្រមព្រៀង VFA ផ្តល់ច្បាប់ សម្រាប់ ការបង្វិលកងទាហានអាមេរិករាប់ពាន់នាក់ទាំងក្នុង និងក្រៅហ្វីលីពីន សម្រាប់ធ្វើសមយុទ្ធរួម។

លោក ម៉ាកូស ប្រាប់អ្នកយកសារព័ត៌មានមុនត្រឡប់មកហ្វីលីពីនវិញថា៖ «ប្រសិនបើវានឹងផ្តល់ជំនួយដល់ហ្វីលីពីនក្នុងលក្ខខណ្ឌនៃការការពារ ឧទាហរណ៍អ្នកនេសាទរបស់យើង ការការពារដែនសមុទ្ររបស់យើង ខ្ញុំមិនឃើញហេតុផលដែលធ្វើឱ្យយើងមិនគួរទទួលយកវា (VFA) នោះទេ»។
ដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស ទៅជប៉ុនធ្វើឡើងដើម្បីពង្រឹង ទំនាក់ ទំនងសន្តិសុខឱ្យកាន់តែជិតស្និទ្ធជាមួយនឹងទីក្រុងតូក្យូ ដែលកាលពីខែធ្នូ បានប្រកាសពីការកសាងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី ២ ក្រោមការព្រួយបារម្ភអំពីចិន។

មេដឹកនាំហ្វីលីពីននិង លោកនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនធ្វើការរួមគ្នាក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានគេមើលឃើញថាជា ជំហាន ឆ្ពោះទៅកាន់កតិកាសញ្ញាគ្រប់ជ្រុងជ្រោយដែលអាចអនុញ្ញាតឱ្យប្រទេសទាំង២ដាក់ពង្រាយកងកម្លាំងនៅលើទឹកដីគ្នាទៅវិញទៅមក។

គួររំឭកផងដែរថា ហ្វីលីពីនមានកិច្ចព្រមព្រៀង VFA ជាមួយអាមេរិក ដែល ជាសម្ព័ន្ធមិត្តចាស់វស្សា ខណៈជប៉ុនមានកិច្ចព្រមព្រៀង ដូច គ្នា នេះ ជាមួយ អូស្ត្រាលី និងអង់គ្លេស ។

ជប៉ុនបានធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន កាលពីខែតុលាថ្មីៗនេះ ហើយវត្តមានយោធារបស់ខ្លួននៅហ្វីលីពីន ត្រូវគេមើលឃើញថា អាចជួយទប់ទល់ឥទ្ធិពលរបស់ចិននៅសមុទ្រ ចិនខាងត្បូង ដែលជាដែនទឹកជម្លោះ៕
ដោយ៖ហួន ឌីណា

ads banner