រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ការងារសត្តឃាតដ្ឋាន គឺត្រូវធ្វើឱ្យប្រសើរឡើង និងមានស្តង់ដា មាននិរន្តរភាព និងមានផលចំណេញ ដើម្បីបម្រើជាតិប្រជាជនពិតប្រាកដ

ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដោយអនុវត្តលើសផែនការដល់ទៅ ១១% ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យធ្វើការពិនិត្យ និងចាត់អាទិភាពការងារ ដោយមានផែនការច្បាស់លាស់ តម្រង់ទិសទាំងការងារជំនាញ និងនយោបាយ ព្រមទាំងត្រូវចំណាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាពការងារពិតប្រាកដ។ ការធ្វើផែនការគឺត្រូវផ្តោតគិតគូរលើសន្តិសុខស្បៀង និងនិរន្តរភាព ផ្អែកលើអាហារមានជីវជាតិតាមទំនៀមទម្លាប់ និងវប្បធម៌ ដោយដាក់សន្តិសុខស្បៀងជាអាទិភាព ។

សូមជម្រាបជូនផងដែរថា វិបត្តិសាកលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ ហើយសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាប្រឈមធំៗផ្សេងទៀត បាននិងកំពុងបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានជំនះបញ្ហាប្រឈម ឧបសគ្គ និងការលំបាកនានា និងបានស្តារសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានកំណើន ៣% ក្នុងឆ្នាំ២០២១ និង ៥.២% ក្នុងឆ្នាំ២០២២ ហើយលើសពីនេះទៀត សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តភាពល្អប្រសើរនិងអាចសម្រេចកំណើនរហូត ៧%ដូចមុនវិបត្តិកូវីដ-១៩។ ចំពោះការងារចិញ្ចឹមសត្វគឺសម្រេចកំណើនបាន ៨,៨%ក្នុងឆ្នាំ២០២២ ហើយជាលទ្ធផលកម្ពុជាអាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបានរហូត ៩៥% ហើយផលិតកម្មសាច់ ការនាំចេញសត្វ និងផលិតផលសត្វ គឺមានទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លា ក្នុងឆ្នាំកន្លងទៅ។ លើសពីនេះទៀត រោងចក្រក្នុងស្រុក២៦ មានសមត្ថភាពផលិតជាង ១,៥លានតោន/មួយឆ្នាំ ដែលអាចផ្គត់ផ្គង់ចំណីសត្វបាន ៦៧%នៃតម្រូវការក្នុងស្រុក៕ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner