កម្ពុជាសម្លឹងឃើញការធ្វើពាណិជ្ជកម្មជាមួយប្រទេសអតីតសហភាពសូវៀត
ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រៅពីទីផ្សារ សហរដ្ឋ អាមេរិក ចិន សហភាពអឺរ៉ុប និងអាស៊ានហើយ កម្ពុជាកំពុង សម្លឹង មើលទីផ្សារនៅប្រទេសមួយចំនួនដែលជាអតីតទឹកដីសហភាពសូវៀតដើម្បីពង្រីកការធ្វើពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ឱ្យដឹងថា ការដាក់ផែនការងាកទៅរកទីផ្សារលើទឹកដីសហភាពសូវៀតនេះដោយសារកាលពីមុនប្រទេសទាំងនោះធ្លាប់ជាដៃគូពាណិជ្ជកម្មល្អរបស់កម្ពុជា ខណៈ ដែលតម្រូវការរបស់របរប្រើប្រាស់ និងស្បៀងអាហារនៅប្រទេស ទាំងនោះ នឹងមានការកើនឡើង ក្រោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវ បាន បញ្ចប់។
ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងទៀតថា ប្រទេសដែលជាអតីតទឹកដី សហភាពសូវៀតមួយចំនួនដែលកម្ពុជាកំពុងសម្លឹងរកមើលឱកាសធ្វើពាណិជ្ជកម្មជាមួយនោះរួមមាន រុស្ស៊ី អ៊ុយក្រែន បេឡារុស និងកាហ្សាក់ស្ថាន ជាដើម។ ក្រៅពីទីផ្សារនេះ កម្ពុជាសិក្សាក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដើម្បីបើកទីផ្សារទៅកាន់តំបន់ មជ្ឈិមបូព៌ាមួយបន្ថែមទៀតផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា៖«កត្តាដែលជំរុញកម្ពុជាសម្លឹងងាកទៅរកទីផ្សារអតីតសហភាពសូវៀត ក៏ដោយសារកម្ពុជានិងប្រទេសទាំងនេះធ្លាប់ជាដៃគូ ពាណិជ្ជ កម្មដ៏ល្អកាលពីអតីតកាល។ ដូច្នេះការងាកទៅរកទីផ្សារនេះ គឺ គ្រាន់ តែជាការតភ្ជាប់ពាណិជ្ជកម្មឡើងវិញរវាងកម្ពុជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត កម្ពុជា សម្លឹងឃើញថា ប្រទេសទាំងនោះពិសេស រុស្ស៊ី និងអ៊ុយក្រែនអាចនឹងមានតម្រូវការផលិតខ្ពស់សម្រាប់ប្រើប្រាស់ និង ស្តារ ប្រទេសឡើងវិញ ក្រោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនត្រូវបាន បញ្ចប់»។
ឯកឧត្តមបានបន្តថា ការដាក់គោលដៅងាកទៅរកទីផ្សារនៅអតីតសហភាព សូវៀតនេះ មិនមែនកម្ពុជាចង់ទាញយកផលចំណេញពីសង្គ្រាមនៅ អ៊ុយក្រែន នោះទេ ពោលគឺកម្ពុជាដាក់គោលដៅសម្លឹងទៅរកទីផ្សារនេះតាំង ពីមុនពេលមិនទាន់ផ្ទុះសង្គ្រាមមកម្ល៉េះ។
ឯកឧត្តមបន្ថែមថា ៖« កម្ពុជារៀបចំផែនការក្នុងការធ្វើពិពិធកម្មទីផ្សារ ក្រៅ ស្រុក ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែធំទូលាយ បន្ថែមទៀត។ ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន ដែលជា ទីផ្សារ នាំចេញនាំចូល ដ៏ធំរបស់កម្ពុជានាពេលបច្ចុប្បន្ន កម្ពុជាក៏កំពុងសម្លឹងមើល ទីផ្សារ សក្តានុពលថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីពង្រីកការ ធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនផងដែរ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា សម្រាប់វិស័យឯកជនគាំទ្រចំពោះ ការពង្រីកចក្ខុវិស័យ របស់ក្រសួងពាណិជ្ជកម្ម ដែលបានចាប់ផ្តើមសម្លឹងមើលទីផ្សារដទៃនៅលើពិភពលោក គឺបន្ទាប់ពី កម្ពុជាបានភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អជាមួយបណ្តាប្រទេសផ្សេងៗដូចជា ចិន អាមេរិក និងសហភាពអឺរ៉ុបហើយនោះ។ការធ្វើពាណិជ្ជកម្ម នៅពេល ដែលមានការបង្កើនទីផ្សារកាន់តែច្រើន កាន់តែល្អ មិនថា ប្រទេស ណានោះទេ ឱ្យតែមានការព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌមួយល្អប្រសើរ និង សមស្រប សមាគមគាំទ្រជានិច្ច ដើម្បីជំរុញការនាំចេញ ឱ្យបានជាអតិបរមា។
លោកបានបញ្ជាក់ដូច្នេះថា៖«យើងគាំទ្រគំនិតនេះដែរ ព្រោះថាល្អ ដោយ យើង មើលឃើញថា នឹងជួយជំរុញទីផ្សាររបស់កម្ពុជា កាន់តែទូលាយជាមុន មួយកម្រិតទៀត និងថែមទាំងជួយរកទីផ្សារបន្ថែមទៀត ដល់វិស័យឯកជន ដែលមានផលិតកម្មនៅក្នុងស្រុក។កន្លងមកនៅតាមបណ្តាប្រទេសអតតីសហភាពសូវៀតនេះ យើងមិន សូវមានទំនិញនាំចេញនាំចូលទៅកាន់ប្រទេសទាំងអស់នោះទេ។ប៉ុន្តែ សម្រាប់វិស័យដឹកជញ្ជូន អាចបម្រើបានគ្រប់ទីកន្លែង ឱ្យតែមានការធ្វើ ពាណិជ្ជកម្ម ទៅដល់ប្រទេសណា យើងអាចធ្វើទៅបានដោយមិន បញ្ហា ឧបសគ្គអ្វីនោះទេ ដោយហេតុការធ្វើពាណិជ្ជកម្ម និងធ្វើឡូជីស្ទិកដឹកជញ្ជូន ត្រូវដើរទន្ទឹមគ្នាជានិច្ច»។
របាយការណ៍បូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ បានបង្ហាញថា ការនាំចេញរបស់ កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន២២,៤៨ ប៊ីលានដុល្លារ កើនឡើង១៦ ភាគរយ ខណៈការនាំចូលមានចំនួន ២៩,៩៤ ប៊ីលានដុល្លារ កើនឡើង ៤ភាគរយ។ ក្នុងឆ្នាំ ២០២២ដដែល ការនាំចេញនាំចូលទំនិញរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ មានទឹកប្រាក់សរុប ១៦ ០៥៣ លានដុល្លារ កើនជាង ១,៣៥ ភាគរយបើធៀបនឹងចំនួន ១៥ ៨៣៨ លានដុល្លារក្នុងឆ្នាំ ២០២១។ ទំហំពាណិជ្ជកម្មកម្ពុជាអាស៊ាន គឺស្មើនឹង ៣០,៦២ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងឆ្នាំ ២០២២ ដែលមានប្រមាណ ៥២ ៤២៥ លានដុល្លារ៕
ដោយ៖វណ្ណ សុជាតា