រុស្ស៊ីលក់សព្វាវុធដល់ឥណ្ឌាក្នុងតម្លៃ១៣ពាន់ លានដុល្លារ នៅប្រាំឆ្នាំចុងក្រោយនេះ
មូស្គូ៖ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានស្រង់សេចក្ដីរាយការណ៍របស់ សារព័ត៌មាន រដ្ឋរុស្ស៊ីដែលបានផ្សាយកាលពីយប់ថ្ងៃអាទិត្យ១២ខែកុម្ភៈថា ប្រទេសរុស្ស៊ីលក់អាវុធដល់ឥណ្ឌាក្នុងទំហំទឹកប្រាក់ ១៣ពាន់លាន ដុល្លារអាមេរិកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
ប្រភពដដែលរាយការណ៍ទៀតថា ទីក្រុងញូវដែលីបានបញ្ជាទិញសព្វាវុធ និងសម្ភារៈយោធាជាមួយទីក្រុងមូស្គូលើសពី ១០ពាន់លានដុល្លារ។
ប្រទេស ឥណ្ឌាគឺជាប្រទេសទិញអាវុធរុស្ស៊ីដ៏ធំបំផុតរបស់ពិភពលោក។ ការបញ្ជាទិញនេះ ស្មើនឹងប្រហែល២០ ភាគរយ នៃបញ្ជីបញ្ជាទិញ សរុបបច្ចុប្បន្នរបស់ទីក្រុងម៉ូស្គូ។
អំឡុងពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន រដ្ឋាភិបាល ឥណ្ឌាបានត្រឹមអំពាវនាវឱ្យភាគីទាំងពីរចរចាដោយសន្តិវិធីប៉ុណ្ណោះនិងមិនបានថ្កោលទោសរុស្ស៊ីឡើយ។
លោក Dmitry Shugayev ប្រធានផ្នែកកិច្ចសហប្រតិបត្តិការបច្ចេកទេស យោធារបស់សហព័ន្ធរុស្ស៊ី លើកឡើងថា ប្រទេសឥណ្ឌា ចិន និងប្រទេស អាស៊ីអាគ្នេយ៍មួយចំនួនបានរក្សាចំណាប់អារម្មណ៍ ក្នុងការទិញសព្វាវុធ ពីរុស្ស៊ី ។
ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Shugayev ថា៖ «ទោះបីជាមានសម្ពាធដែលមិនធ្លាប់មានពីមុនមកលើឥណ្ឌាពីបណ្តាប្រទេសលោកខាងលិចដែលនាំមុខដោយសហរដ្ឋអាមេរិកក៏ដោយ ឥណ្ឌានៅតែ ជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ីក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា” ។
ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ថា ការនាំចេញសព្វាវុធ ប្រចាំ ឆ្នាំរបស់រុស្ស៊ីមានទំហំទឹកប្រាក់ប្រមាណពី១៤ទៅ១៥ពាន់លានដុល្លារ ។
លោក Dmitry Shugayev បាននិយាយថា អតិថិជនអាស៊ីចាប់អារម្មណ៍ ជាពិសេសចំពោះប្រព័ន្ធការពារមីស៊ីល S-400 Triumf របស់រុស្ស៊ី ប្រព័ន្ធ មីស៊ីលពីដីទៅអាកាសរយៈចម្ងាយខ្លីដូចជា Osa, Pechora ឬ Strela និងយន្តហោះចម្បាំង Su-30 ឧទ្ធម្ភាគចក្រ MiG-29 និងយន្តហោះគ្មាន មនុស្សបើក(ដ្រូន)។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា រុស្ស៊ីនឹង បង្ហាញគំរូអាវុធ និងឧបករណ៍យោធាប្រហែល ២០០ប្រភេត នៅទី កន្លែង តាំងពិព័រណ៍លំហអាកាសអន្តរជាតិលើកទី ១៤ Aero India២០២៣ ដែលបើកនៅថ្ងៃចន្ទនៅទីក្រុង Bengaluruប្រទេសឥណ្ឌាទៀតផង៕
ដោយ៖វណ្ណ ស័ក្ដិ