ការនាំចេញឧស្ម័នរុស្ស៊ី ធ្លាក់ចុះ២៥ភាគរយក្នុងឆ្នាំ២០២២ ដោយសារសង្គ្រាមអ៊ុយក្រែនធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងរុស្ស៊ី និងអ្នកទិញនៅអឺរ៉ុប
មូស្គូ៖ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការនាំចេញឧស្ម័នរបស់ខ្លួនបានធ្លាក់ចុះ២៥ភាគរយក្នុងឆ្នាំ២០២២ បន្ទាប់ពីជម្លោះអ៊ុយក្រែនបាននាំមកនូវភាពចលាចលដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូ ជាមួយអ្នកទិញសំខាន់ៗនៅប្លុកអឺរ៉ុប។
សហភាពអឺរ៉ុបដែលធ្លាប់ជាអ្នកទិញឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី បានកាត់បន្ថយការនាំចូលរបស់ខ្លួនយ៉ាងខ្លាំងក្នុងកំឡុងឆ្នាំ២០២២ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក អាឡិចសាន់ឌឺ ណូវ៉ាក់ បានចាត់ទុកការធ្លាក់ចុះការនាំចេញឧស្ម័នថា ជាការបដិសេធរបស់បណ្តាប្រទេសអឺរ៉ុបក្នុងការទិញឧស្ម័នរុស្ស៊ី។
លោក ណូវ៉ាក់ បន្តថា ផលិតកម្មឧស្ម័នក្នុងឆ្នាំ២០២២ មានចំនួនសរុប ៦៧៣.៨ពាន់លានម៉ែត្រគូប ដែលតួលេខនេះបានថយចុះ១៨៤.៤ពាន់លានម៉ែត្រគូប ឬប្រមាណ២៥.១ភាគរយ។ លោកបន្ថែមថា ខណៈដែលការចែកចាយឧស្ម័នទៅកាន់អឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងនោះ ទំនិញទៅកាន់អ្នកទិញថ្មី ជាពិសេសប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស។
តួយ៉ាង ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសចិនតាមរយៈផ្លូវពីស៊ីបេរីទៅចិន បានកើនឡើង៤៨ភាករយ និងឈានដល់កម្រិតអតិបរមាជាប្រវត្តិសាស្ត្រ១៥.៤ពាន់លានម៉ែត្រគូប។ ចំណែកការនាំចេញប្រេងរបស់រុស្ស៊ីវិញ បានកើនឡើង៧,៦ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានបញ្ជាក់ទៀថា គោលដៅឆ្ពោះទៅមុខរុស្ស៊ី គឺជំរុញការនាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសដែលមិនបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ឬរិះគន់ការលុកលុយរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។ លោកនិយាយថា ថ្ងៃនេះយើងបន្តស្វែងរកទីផ្សារថ្មី ហើយនៅឆ្នាំនេះ យើងមានគម្រោងនាំចេញប្រេងច្រើនជាង៨០ភាគរយ និងផលិតផលប្រេង៧៥ភាគរយទៅកាន់ប្រទេសជាមិត្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

