ក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានរៀបចំដង្ហែរពានជ័យលាភីលេខ១ Class B ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ១២ ម៉ូទ័រផាត និងប្រកាសចូលកាន់មុខដំណែងប្រធានក្លឹបគោព្រៃមណ្ឌលគិរីថ្មី
ខេត្តមណ្ឌលគិរី៖ ក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានប្រារព្ធពិធីដង្ហែរពានជ័យលាភីលេខ១ Class B ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត ១២ ម៉ូទ័រផាត និងប្រកាសចូលកាន់មុខដំណែងប្រធានក្លឹបគោព្រៃមណ្ឌលគិរីថ្មី ដើម្បីបន្តដឹកនាំក្លឹបឆ្ពោះទៅកាន់ព្រឹត្តការណ៍ប្រគួតកីឡាខ្នាតអន្តរជាតិ។ ក្បួនរថយន្ត Off-Road គោព្រៃមណ្ឌលគិរី និងរថយន្តអ្នកគាំទ្រប្រមាណ ២០០គ្រឿង និងអ្នកចូលរួមជិត៥០០នាក់ បានធ្វើដំណើរជុំវិញក្រុងសែនមនោរម្យ និងឆ្ពោះទៅទីប្រជុំជនឃុំប៊ូស្រា និងឃុំពូជ្រៃ និងទីលានប្រណាំងរថយន្ត Off-Road ១២ម៉ូទ័រផាក ក្នុងស្រុកពេជ្រាដា ក្រោមបរិយាកាសអបអរសាទរយ៉ាងក្លៀវក្លាពីមហាជន សម្រាប់ព្រឹត្តការណ៍ដ៏កម្រនេះ។
លោក ទូច រស្មី ប្រធានក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរីថ្មី បានឲ្យដឹងថា ក្លឹបគោព្រៃមណ្ឌលគិរី ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ចូលរួម ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ថ្មីៗ ក្នុងខេត្ត ក៏ដូចជាក្នុងប្រទេសកម្ពុជា។ ព្រោះប្រភេទកីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងនៅតាមទីតាំង ឬតំបន់ដែលឆ្ងាយៗ ពិបាកគ្មានផ្លូវចូលទៅដល់។ ដូច្នេះវាជាឱកាសដែលសមាជិកក្នុងក្រុម អាចនាំយកនូវព្រឹត្តិការណ៍ ក៏ដូចជាទិដ្ឋភាពផ្សេងៗ ក្នុងតំបន់ដែលមានសក្តានុពល បង្ហាញទៅដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោក ទូច រស្មី បញ្ជាក់ថា ក្រៅអំពីការផ្សព្វផ្សាយនៅតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី ក្លឹបរថយន្តOff-Road គោព្រៃមណ្ឌលគិរី ក៏បានសបញ្ជាក់ ឲ្យបរទេសមើលឃើញអំពីសមត្ថភាពរបស់កូនខ្មែរ អាចរៀបចំនូវព្រឹត្តិការណ៍បែបអន្តរជាតិ ទៅកាន់ពិភពលោក និងជាការទាក់ទាញចំណាប់អារម្មណ៍របស់ជនបរទេស មកទស្សនាកំសាន្តនៅតំបន់ទេសចរណ៍ និងសិក្សាស្វែងយល់អំពីប្រទេសកម្ពុជាផងដែរ។
លោក ទូច រស្មី ប្រធានក្លឹបរថយន្ត Off-Road គោព្រៃមណ្ឌលគិរី បានរំលឹកថា មូលហេតុនាំឱ្យមានការបង្កើតក្លឹបនេះឡើង និងការសម្រេចចិត្តដាក់ឈ្មោះក្លឹប ព្រោះគោព្រៃ គឺជាសត្វតំណាងឲ្យប្រទេសកម្ពុជា ហើយគោព្រៃធ្លាប់មានវត្តមាននៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ មិនត្រឹមតែប៉ុណ្ណោះគោព្រៃ គឺជាប្រភេទសត្វដែលមានអានុភាពកម្លាំងខ្លាំងក្លា ឆ្លងកាត់ជំនះរាល់គ្រប់ឧបសគ្គ ដែលឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីរបស់សមាជិកក្រុម ជាធ្លុះមួយ យកឈ្នះបញ្ហាគ្រប់កាលៈទេសៈ។
ប្រធានក្លឹបរថយន្តOff-Road គោព្រៃមណ្ឌលគិរី បានបញ្ជាក់ថា ចក្ខុវិស័យរបស់ក្លឹប គឺឈរលើគោលការណ៍ និងចក្ខុវិស័យបួនចំណុចធំៗគឺ កីឡា ទេសចរណ៍ មនុស្សធម៌ និងបរិស្ថាន។
សូមរំឮកថា កាលពីថ្ងៃទី១៣ដល់១៥ ខែមករា ឆ្នាំ២០២៣ ក្លឹបរថយន្តOff-Road គោព្រៃមណ្ឌលគិរី បានសហការជាមួយទីលាន ១២ម៉ូតូផាត រៀបចំព្រឹត្តឹការណប្រណាំងរថយន្ត^Off Road ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាពខេត្តមណ្ឌលគិរី ២០២៣ ដែលមានប្រទេសជាច្រើនចូលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានស្គាល់ពីភូមិសាស្ត្រខេត្តមណ្ឌលគិរី ឲ្យមានភាពល្បីល្បាញ។
សម្រាប់ការប្រណាំងរថយន្ត Off Road ខ្នាតអន្តរជាតិនេះ មានក្រុមកីឡាករ ប្រភេទរថយន្ត Off Road ប្រភេទរថយន្ត Off Road Rally និងប្រភេទម៉ូតូក្រោះ ប្រមាណជិត ២០០គ្រឿង ដោយមានការចូលរួមពីក្រុមកីឡាករ កីឡាការិនីជាតិ អន្តរជាតិចំនួន ០៦ប្រទេស ចូលរួមប្រកួត រួមមាន៖ ប្រទេសបារាំង កូរ៉េ ថៃ ឡាវ វៀតណាម រួមនិងកម្ពុជា ហើយព្រឹត្តការណ៍នេះ ក៏ស្រូបបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមទស្សនាប្រមាណ ១៥.០០០នាក់ផងដែរ ៕ ចាន់ វិចិត្រ


