ណាតូបាត់បង់អាវុធយ៉ាងច្រើន នៅក្នុងស្តុក ដោយសារសង្គ្រាម នៅអ៊ុយក្រែន
ព្រុចសែល៖ ប្រធានសម្ព័ន្ធការពារជាតិលោក ជែន ស្តូលធិនប៊ឺគ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា អង្គការណាតូត្រូវការបង្កើនបរិមាណនៃការផលិតគ្រាប់រំសេវដើម្បីបំពេញស្តុកអាវុធរបស់ខ្លួន ខណៈដែលអត្រានៃការប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន គឺលើសពីសមត្ថភាពបច្ចុប្បន្ន និងលំហូរស្តុក។
លោក ស្តូលធិនប៊ឺគ បានប្រាប់អ្នកកាសែតថា សង្រ្គាមនៅអ៊ុយក្រែនកំពុងលេបត្របាក់បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃគ្រឿងសព្វាវុធ និងបំផ្លាញឃ្លាំងស្តុករបស់សម្ព័ន្ធមិត្ត។ អត្រាបច្ចុប្បន្ននៃការចំណាយគ្រាប់រំសេវរបស់អ៊ុយក្រែន គឺខ្ពស់ជាងអត្រាផលិតកម្មបច្ចុប្បន្នរបស់យើងជាច្រើនដង។
ប្រការនេះនឹងធ្វើឱ្យឧស្សាហកម្មការពារជាតិរបស់យើងស្ថិតនៅក្រោមភាពតានតឹង។ ជាមួយគ្នានេះ លោក ស្តូលធិនប៊ឺគ បានសារភាពថា អង្គការណាតូកំពុងប្រឈមមុខនឹងបញ្ហា ខណៈដែលពេលវេលារង់ចាំបច្ចុប្បន្នសម្រាប់ការទទួលបានគ្រាប់រំសេវខ្នាតធំបានកើនឡើងពី ១២ ទៅ ២៨ខែ។ ប៉ុន្តែគាត់មានទំនុកចិត្តថា សមាជិកណាតូបានដើរនៅលើផ្លូវត្រឹមត្រូវ ទាំងការគាំទ្រអ៊ុយក្រែន និងការបំពេញឃ្លាំងស្តុកអាវុធ។
សូមបញ្ជាក់ថា អ្នកគាំទ្រនៅលោកខាងលិចរបស់អ៊ុយក្រែន ដែលបានផ្គត់ផ្គង់សព្វាវុធរាប់ពាន់លានដុល្លារ នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការទាមទារអាវុធបន្ថែមរបស់ទីក្រុងកៀវ ខណៈដែលលោក ស្តូលធិនប៊ឺគ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងចាប់ផ្តើមការវាយលុកថ្មី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា
