អភិបាលរាជធានី ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ខណៈប្រមុខរដ្ឋ អាល្លឺម៉ង់ នឹងអញ្ជើញពិនិត្យស្វែងយល់ពីការពិត នៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅរសៀលថ្ងៃទី១៥ កុម្ភៈស្អែកនេះ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ កុម្ភៈនេះ បានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលប្រតិភូជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ដែលនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ នៅរសៀលទី១៥ កុម្ភៈស្អែក ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យទីតាំងនៅជុំវិញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរ ដូចជា មន្ទីរពាក់ព័ន្ធ ពិសេស មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសំអាតអនាម័យ បរិស្ថាន នៅជុំវិញទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយត្រូវបាញ់ទឹកលាងផ្លូវ ជុំវិញបរិវេណនេះផងដែរ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យទីតាំងនៅជុំវិញ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ មានសោភណ្ឌភាព និងមាន
បរិស្ថានល្អប្រសើរ ជាមួយនិងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ដ៏ល្អផងដែរ។

គួរបញ្ជាក់ថា៖ ប្រមុខរដ្ឋ និងជាប្រធានាធិបតីនៃសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជណាចក្រកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅរសៀលទី១៥កុម្ភៈស្អែកលោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះផងដែរ៕

ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner