ទូទាំងប្រទេស យានយន្តល្មើស ២៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ៥៦៣គ្រឿង ម៉ូតូ ៣៧៤គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២៧១គ្រឿង មានម៉ូតូចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០២៣នេះ។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល ឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់) របួសធ្ងន់ ៤នាក់ (ស្រី ១នាក់) របួសស្រាល ១នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ៧លើក៕


ដោយ៖ ឆៃហួត និងប៊ុនធី