ក្រសួងកសិកម្ម ជំរុញឱ្យមានការផលិតដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ
ភ្នំពេញ: នៅក្នុងជំនួបជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមានការដាំដុះដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ ដើម្បីកាត់បន្ថយការចំណាយរបស់ ប្រជាកសិករ។
ឯកឧត្តម ឌិត ទីណា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ លោកដូច្នេះថា ៖ «ការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡា សម្រាប់បូមទឹកនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទា ប ដើម្បីកាត់បន្ថយការចំណាយកសិករ ដែលជាអ្នកដាំដុះដំណាំផ្សេង ត្រូវមានយន្តការផ្សេងៗដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច ដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម»។
ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចអំពីសារៈសំខាន់ផងដែរនៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កា ត់ប ន្ថ យឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការកន្លងមករវាង ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់មូលនិធិពី ADB ក្នុងគម្រោងដែលកំពុងអនុវត្តជាមួយក្រសួង មាន Investment Project ចំនួន ៥គម្រោង និង Pipeline Project ចំនួន ៥គម្រោង ហើយគម្រោងទើបបានបញ្ចប់រួមមាន Investment Project ចំនួន ៤គម្រោង និង Technical Assistance ចំនួន ១០គម្រោង។
ម្យ៉ាងវិញទៀត ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ ដោយលោកបានបញ្ជាក់ថា កម្ចីការប្រាក់ទាបជាមធ្យោបាយមួយ ដែលអាចជួយជំរុញផលិតកម្មកសិកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអា ហារ និងនិរន្តរភាពសេដ្ឋកិច្ច។ កម្ចីដែលមានអត្រាការប្រាក់ទាបនេះដែរ នឹងជួយផ្តល់ផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឱ្យមានប្រ សិទ្ធភាព និងសន្សំសំចៃខ្ពស់ ដើម្បីឱ្យបងប្អូនប្រជាកសិករទទួលបានប្រាក់ចំណេញច្រើនជាងមុន។
ចំពោះការដាំដុះបន្លែក្នុងផ្ទះសំណាញ់នេះដែរ កសិករមួយរូប លោក ឡាំង ហាំងឡេង ដែលបានដាំដុះបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យដឹងថា ការដំាបន្លែក្នុងផ្ទះសំណាញ់គឺទទួលបានទិន្នផល និងទីផ្សារល្អប្រសើរ ស្ទើតែដាំដុះមិនទាន់នារយៈពេលចុងក្រោ យនេះ។
លោកបានបន្ថែមថា លោកបានចាប់ផ្តើមដាំបន្លែក្នុងផ្ទះសំណាញ់ ចាប់ពីពាក់កណ្តាលឆ្នាំ២០២២មក ដោយគុណភាព និងបរិមាណទិន្នផល មានភាពល្អប្រើសើរជាងដាំដុះនៅទីវាលខាងក្រៅ ដោយអាចគ្រប់ទាំងអាកាសធាតុ និងបញ្ជៀសនូវសមាសភាពចង្រៃដែលបំផ្លាញដំណាំ។
លោក ឡាំង ហាំងឡេង បានបញ្ជាក់ដូច្នេះថា ៖ «ខ្ញុំសង្កេតឃើញថា ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ទទួលបានទិន្នផលច្រើនជាងដាំនៅទីវាល ។ ម្យ៉ាងវិញទៀត គួបផ្សំនឹងការប្រើប្រាស់ជីវសរីរាង្គដែលខ្ញុំផលិតខ្លួនឯងទៀត បានធ្វើឱ្យបន្លែរបស់ខ្ញុំលូតលាស់បានល្អ និងប្រមូលផលបានច្រើន។ខ្ញុំបានធ្វើកិច្ចសន្យាផ្គត់ផ្គង់បន្លែទៅឱ្យក្រុមហ៊ុន ត្រូពិកខេម ដោយមិនដែលបារម្ភពីបញ្ហាទីផ្សារឡើយ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetables បាន ប្រាប់ឱ្យដឹងដែរថា ចាប់តាំងពីមានការរៀ បចំឱ្យមានខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព ដែលអនុវត្តទៅតាមស្តង់ដារកសិកម្មល្អ (GAP) អស់រយៈពេលពីរឆ្នាំមកនេះ គឺទទួលបានលទ្ធផលជាវិជ្ជមាន។
លោកបានបន្ថែមថា ក្រុមហ៊ុនបានរៀបចំកសិដ្ឋានគំរូមួយ នៅ បន្ទាយដែក ខេត្តកណ្តាល ដោយបានដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ និងប្រមូលទិញពីកសិករ ដែលបានធ្វើកិច្ចសន្យាជាមួយគ្នា ហើយចែកចាយនៅលើទីផ្សារបានប្រមាណ ៣០០ ទៅ ៤០០ គីឡូក្នុងមួយថ្ងៃ ស្របពេលដែលតម្រូវការបន្លែសុវត្ថិភាពពីអ្នកបរិភោគក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ។
លោក ហ៊ុន ឡាក់ បានបញ្ជាក់ថា ៖ «បន្លែសុវត្ថិភាពលក់បានថ្លៃជាងបន្លែដែលដាំនៅទីវាល ព្រោះថា អតិថិជនទុកចិត្ត លើក្រុមហ៊ុន ដោយសារតែដាំដុះខ្លួនឯងផង និងប្រមូលទិញពីកសិករដែលអនុវត្តតាមការណែនាំរបស់យើង ជាពិសេសមានការទទួលស្គាល់ ពីក្រសួង ថាជាបន្លែដែលមានសុ វត្ថិភាព ១០០ ភាគរយ។ កសិករដែលបានចូលរួមជាមួយក្រុមហ៊ុនត្រូពិកខេម ទទួលបានលទ្ធផលជាវិជ្ជមាន ដោយការផលិតទទួលបានផលចំណេ ញលើសមុន ៤ ទៅ ៥ដង ខណៈដែលតម្រូវការបន្លែនៅលើទីផ្សារក៏មាន កំណើនដូចគ្នា»។
លោក ហ៊ុន ឡាក់ បានបន្តថា គម្រោងដាំដុះបន្លែក្នុងផ្ទះសំណាញ់នេះ ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍ ជាពិសេសការគាំទ្រ ពីក្រសួងកសិកម្ម ដែ លនេះជាការលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើនការផលិតបន្លែដែលមានសុវត្ថិភាពបន្ថែមទៀតនៅលើទីផ្សារ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកបរិភោគ។
បើតាមក្រសួងកសិកម្ម បន្លែសុវត្ថិភាព ជាបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំ ឬតូចទៅតាមទំហំដី។ ការដាំដុះនោះ មានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតផ្សេងៗ តែធ្វើឡើងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារ នៃការណែនាំច្បាស់ លាស់ ហើយកសិករបន្លែសុវត្ថិភាពទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញកសិកម្ម។ ម្យ៉ាងវិញទៀតបន្លែសុវត្ថិភាព ដែលមានការទទួលស្គាល់ ត្រូវតែជាបន្លែដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ថាបានអនុវត្តកសិកម្មល្អ(GAP) ពីក្រសួងកិសកម្ម។បច្ចុប្បន្ន ផ្សារបន្លែ និងផ្លែឈើសុវត្ថិភាព ដែលមានការទទួលស្គាល់ពីក្រសួងកសិកម្ម មានចំនួន ២៨ផ្សារ, សហគមន៍ កសិកម្ម ឬសហភាពសហគមន៍កសិកម្ម ចំនួន៨សហគមន៍ ,កសិដ្ឋាន និងក្រុមហ៊ុន មានចំនួន២៧០ ៕
ដោយ:វណ្ណ សុជាតា