ក្រុមគណៈកម្មាធិការ កំពុងពន្លឿនផែនការរៀបចំដើម្បីដាក់ដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូន
ភ្នំពេញ: គណ:កម្មការខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំ និងដាក់ឱ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំ ពៅពូន នាពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីទាំងពីរនេះ កាលពីពេលកន្លងទៅ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ គណ:កម្មការ និងភាគីពាក់ព័ន្ធក្នុងខេត្តកណ្តាល បានប្រជុំពិនិត្យពិភាក្សាការងាររួមគ្នា ដើម្បីសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែលកើតឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងទាំងពីរនេះ។
ឯកឧត្តមបន្តថា ៖ «យើងបានរៀបចំផែនការ ដូចជា បញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីកិច្ចសន្យា បញ្ញើថវិកា និងសា ច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី» ។

ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា ៖ «ការធ្វើនេះ ដើម្បី ធានាឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួន ស្រ ប តាមច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តកំណត់»ព្រមទាំងសហការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្ដើមដំណើរការនៃរដ្ឋបាលក្រុង ដែលបង្កើតថ្មីឱ្យមានភាពរលូន និងទទួលបានជោគជ័យ អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ»។
ពាក់ព័ន្ធការរៀបចំផែនការ ដើម្បីឈានទៅដំណើរការក្រុងថ្មីទាំងពីរនេះដែរ ប្រជាពលរដ្ឋរស់នៅតំបន់ក្រុង សំពៅពូន ស្ថិតក្នុងខេត្តកណ្តាល លោកស្រី ណុង ពៅ បានបង្ហាញអារម្មណ៍រីករាយនៅពេល រដ្ឋាភិបាលសម្រេចបង្កើតថ្មីបន្ថែមទៀត ពិសេ សក្រុងអរិយក្សត្រ។
ជាមួយគ្នានេះ លោកស្រី ក៏ បានស្នើឱ្យរដ្ឋបាលខេត្តកណ្តាល គួរផ្តោតការកសាងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រុងថ្មីបន្ថែមទៀត ព្រោះតំបន់នោះ នៅមិនទាន់មានផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈបានល្អនៅឡើយ។
ទន្ទឹមគ្នានេះ អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោក ច្រឹក សុខនីម បានបង្ហាញការគាំទ្រចំពោះដំណើរការរៀបចំផែនការអភិវឌ្ឈន៍តំបន់ក្រុងថ្មីទាំងពីរនេះ។ អ្នកជំនាញសេដ្ឋកិច្ច និងអលនទ្រព្យរូបនេះ បន្តដែរថា ក្នុងពេលដែលទីក្រុងថ្មីនេះចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង។ ប៉ុន្តែយ៉ាងណា ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ ដើម្បីជំរុញឱ្យតំបន់ក្រុងថ្មីទាំងនោះ កាន់តែរីកចម្រើនថែមទៀត ។

គួរបញ្ជាក់ដែរថា កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុងសំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ពីស្រុកល្វាឯមផងដែរ។ ជារួម ខេត្តកណ្តាល នឹងមានក្រុងចំនួនបី គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននេះ។
តាមរយៈសកម្មភាពនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់បានលើកឡើងថា គឺការសម្រេចបង្កើតក្រុងថ្មី នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ។
ដើម្បីរៀបចំក្រុងថ្មីនេះឱ្យមានដំណើការជោគជ័យ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចបង្កើត និងកំណត់ចំនួនគណៈអភិបាលក្រុង ដែលបង្កើតថ្មីនៃខេត្តកណ្តាល គឺក្នុងនោះ សម្រាប់ក្រុងអរិយក្សត្រ គឺមានគណៈអភិបាលចំនួន ៧នាក់ និងក្រុងសំពៅពូន មានចំនួនគណៈអភិបាល៧នាក់។ ហេតុនេះ ទើបក្រុមគណ:កម្មការខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សា ដើម្បីពន្លឿនឱ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូននាពេលឆាប់ៗនេះ៕
ដោយ:សែម ពិសី