យុវជន១៧ឆ្នាំម្នាក់នៅមានជីវិត ត្រូវបានទាញចេញពីគំនរបាក់បែករញ្ជួយដី នៅតួកគី ក្រោយជាប់ ១៩៨ម៉ោង
អង់ការ៉ា៖ បន្ទាប់ពី ១៩៨ ម៉ោង នៅក្រោមគំនរបាក់បែក ក្មេងអាយុ ១៧ឆ្នាំម្នាក់ នៅមានជីវិតហើយត្រូវបានជួយសង្គ្រោះ ដោយក្រុមសង្គ្រោះ ករណីរញ្ជួយដីដ៏ខ្លាំង នៅប្រទសតួកគី។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសទួកគីបានចេញផ្សាយថា ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ឈ្មោះថា ម៉ូហាមេត អេនីស យ៉េនីណា (Muhammed Enes Yeninar) ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែក នៃអគារមួយ ក្នុងទីក្រុង កាហារ៉ាមេនម៉ារ៉ាស់ (Kahramanmaras) កាលពីថ្ងៃអង្គារ ថ្ងៃទី ១៤ ខែកុម្ភៈ ដែលស្មើនឹងប្រហែល ១៩៨ ម៉ោងបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ កាលពីថ្ងៃចន្ទ សប្តាហ៍មុន ។

បន្ទាប់ពីត្រូវបានទាញចេញពីគំនរបាក់បែក យុវជន ម៉ូហាមេត អេនីស យ៉េនីណា ត្រូវបានគេដាក់ក្នុងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីព្យាបាលជាបន្ទាន់។
សារព័ត៌មាន អាណាដូលូ (Anadolu) របស់រដ្ឋក៏បានរាយការណ៍ផងដែរថា បងប្រុសរបស់គាត់ ឈ្មោះ បាគី យេនីណា (Baki Yeninar) អាយុ ២១ ឆ្នាំត្រូវបានជួយសង្គ្រោះ បន្ទាប់ពីគាត់។
អ្នកទាំងពីរត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយស្ថានភាពរបស់ពួកគេ មិនច្បាស់នៅឡើយទេ៕

ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត