ប្រធានាធិបតីតួកគីចាត់ទុក ការរញ្ជួយដី មានទំហំ « ធំដូចគ្រាប់បែកបរមាណូ »
អង់ការ៉ា៖ ប្រធានាធិបតីនៃប្រទេសតួកគី លោកអឺដូហ្គាន់ (Erdogan) និយាយថា ការរញ្ជួយដីរបស់ប្រទេសទួកគី គឺ “ធំដូចគ្រាប់បែកបរមាណូ”។
ប្រធានាធិបតីប្រទេសទួកគី លោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) បាននិយាយនៅថ្ងៃអង្គា ទី១៤ ខែកុម្ភៈ ថា ការរញ្ជួយដីដ៏ខ្លាំង កាលពីសប្តាហ៍មុន “ធំដូចគ្រាប់បែកបរមាណូ” ហើយបានសម្លាប់មនុស្ស ៣៥,៤១៨នាក់ហើយ នៅក្នុងតំបន់ភាគខាងត្បូង របស់ប្រទេស។
ថ្លែងសុន្ទរកថានៅក្នុងរដ្ឋធានី អង់ការ៉ា (Ankara) លោក អឺដីហ្គាន់ (Erdogan) ក៏បាននិយាយផងដែរថា អគាររាប់សែនអគារមិនអាចប្រើប្រាស់ សម្រាប់ការរស់នៅវិញបានឡើយ នៅទូទាំងភាគខាងត្បូងប្រទេសតួកគី ដោយបន្ថែមថា “តើមានប្រទេសណាមួយប្រឈមមុខនឹងបញ្ហាដែលយើងបានជួប អំឡុងពេលគ្រោះមហន្តរាយបែបនេះ” ។
លោកបាននិយាយថា ការអនុវត្តច្បាប់សាងសង់កាន់តែតឹងរ៉ឹង គឺចាំបាច់នៅក្នុងប្រទេស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានអង្រួនភាគខាងត្បូងប្រទេសតួកគី កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
លោក អឺដូហ្គាន់ (Erdogan) បាននិយាយថា “អគារដែលដួលរលំបានរំលឹករដ្ឋាភិបាលអំពីតម្រូវការសម្រាប់ច្បាប់សាងសង់ដ៏តឹងរ៉ឹង” នេះគឺជាសុន្ទរកថា តាមទូរទស្សន៍ របស់លោក ដោយបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងបន្តការងារ រហូតដល់មនុស្សចុងក្រោយត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក នៅតំបន់រងគ្រោះរញ្ជួយដី៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត