ពលរដ្ឋស្នើអភិបាលខណ្ឌឫស្សីកែវ ជួយចាត់វិធានការលើទីតាំងលក់បញ្ចូលហ្គាស នៅសង្កាត់ទួលសង្កែទី១ ក្រោយភ័យខ្លាចមានគ្រោះអគ្គិភ័យកើតឡើង

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ទីតាំងស្តុកលក់ និងបញ្ចូលហ្គាសមួយកន្លែង គ្មានស្លាកយីហោ និងសង្ស័យគ្មានច្បាប់ទម្លាប់ ស្ថិតនៅផ្លូវលេខ២៧៣ ខាងកើតអង់តែនទួលគោក ប្រហែល៣០ ទៅ៤០ម៉ែត្រ ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងតែបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ រស់នៅក្បែរខាង ដោយសារការទ្វេសប្រហែស ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង នៃទីតាំងស្ដុកលក់ និងបញ្ចូលហ្គាស នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានសំណូមពរស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈអង្គភាពសារព័ត៌មានឲ្យជួយផ្សព្វផ្សាយបញ្ជូនដំណឹងមួយនេះ ទៅកាន់អាជ្ញាធរសង្កាត់ ជាពិសេស លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យជួយចាត់វិធានការតាមបទដ្ឋានបច្ចេកទេស និងបើអាចឈានដល់ការបិទចោលក៏ល្អដែរ មុនពួកគាត់ស្នើសុំកិច្ចអន្តរាគមន៌ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីជុំនាញ នៃមន្ទីររ៉ែ និងថាមពល។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង នៃទីតាំងស្ដុកលក់ និងបញ្ចូលហ្គាសមួយនេះ បានបង្ហើបឲ្យដឹងថា មុនពួកគាត់សម្រេចចិត្តសំណូមពរស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរសង្កាត់-ខណ្ឌ និងមន្ត្រីជុំនាញពាក់ព័ន្ធ ដោយសារមូលហេតុប្រឈមហានិភ័យមួយចំនួន កំពុងបន្តគំរាមកំហែងកើតឡើងរាល់ថ្ងៃ ទាំងPast App និងរថយន្ដផ្សេងៗ ដែលចូលទៅទទួលសេវាបញ្ចូលហ្គាស គឺបណ្ដាលឲ្យកកស្ទះផ្លូវ និងជះក្លិនជានិច្ច ងាយនឹងឆ្លងឆេះផ្ទុះជាទីបំផុត ដោយសូម្បីតែទីតាំង ក៏មិនត្រូវតាមលក្ខណៈបច្ចេកទេសនោះដែរ និងសង្ស័យគ្មានច្បាប់ទម្លាប់ផង។

យ៉ាងណាក៏ដោយ ដោយសារមូលហេតុប្រឈមហានិភ័យមួយចំនួន កំពុងបន្តគំរាមកំហែងកើតឡើងរាល់ថ្ងៃទាំង Past App និងរថយន្ដផ្សេងៗ ដែលចូលទៅទទួលសេវាបញ្ចូលហ្គាសបណ្ដាលឲ្យកកស្ទះផ្លូវ និងជះក្លិនជានិច្ច ងាយនិងឆ្លងឆេះផ្ទុះជាទីបំផុត ដោយសូម្បីតែទីតាំង ក៏មិនត្រូវតាមលក្ខណៈបច្ចេកទេស នៃមន្ទីររ៉ែ និងថាមពល ហើយសង្ស័យគ្មានច្បាប់ទម្លាប់ផងនោះ ប្រជាពលរដ្ឋ មានក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំទៅលើចំណាត់ការ របស់អាជ្ញាធរខណ្ឌឫស្សីកែវជានិច្ច ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីចាត់វិធានការតាមច្បាប់ ជាធរមាន។

សូមជម្រាបថា ក្រោយពីហេតុការណ៍ផ្ទុះឆេះទីតាំងស្តុក និងបញ្ចូលហ្គាស នៅកណ្តាលក្រុងសៀមរាប ដែលបានធ្វើឲ្យមានរបួសជាច្រើននាក់ ក្រោមការបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត ដោយមានលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នគរបាលការិយាល័យសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលក្រុងសៀមរាប បានចុះធ្វើការពិនិត្យរាល់ទីតាំងទាំងឡាយ ដែលធ្វើអាជីវកម្មស្តុក និងបញ្ចូលហ្គាស នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោក មាស ជូរ៉ានី មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប បានឲ្យដឹងថា តាមការបញ្ជាក់របស់មន្ត្រីជំនាញរបស់ខ្លួន ក្នុងការចុះពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងប្រកបអាជីវកម្ម និងបញ្ចូលហ្គាស គឺបានអនុវត្តឡើង ចំនួន០៣កន្លែង ស្ថិតនៅភូមិមណ្ឌល១ ភូមិស្ទឹងថ្មី និងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឲ្យផ្អាកនូវរាល់សកម្មភាពទាំងបញ្ចូល ផ្ទេរ និងស្តុកទុកហ្គាស ជាបណ្តោះអាសន្ន ដោយតម្រូវឲ្យរើឧបករណ៍ផ្ទេរហ្គាសចេញពី ទីតាំងលក់ (ផ្ទះថ្មក្រោមឈើលើ ផ្ទះល្វែង និងបន្ទប់បញ្ជូលហ្គាស) និងចាំបាច់បំផុតនោះ តម្រូវឲ្យម្ចាស់ទីតាំងអាជីវកម្ម ត្រូវធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឲ្យបានត្រឹមត្រូវជាមុន ដើម្បីគោរពទៅតាមលក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ ជាធរមាន។

លោក មាស ជូរ៉ានី បានបញ្ជាក់ផងដែរថា នាពេលកន្លងមកមន្ទីរជំនាញ តែងតែចុះធ្វើការអប់រំ ណែនាំ ចំពោះបងប្អូន ដែលប្រកបអាជីវកម្មបញ្ចូលហ្គាស និងស្តុកឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ក្នុងការបង្ការជៀសវាងកុំឲ្យមានកើតនូវហានីភ័យអ្វីមួយ។ តែក្នុងហេតុការណ៍ចំនួន២លើកកន្លងមក ដែលបានកើតឡើងនៅក្នុងក្រុងសៀមរាប គឺបណ្តាមកពីការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្ម ដោយមិនគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ ព្រមទាំងទីតាំងមួយចំនួន បានធ្វើការលួចលាក់ ដោយពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មរបស់ខ្លួននោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner