ក្រសួងបរិស្ថាន បន្តដាំកូនឈើព្រៃ១៥០០០ដើមបន្ថែមទៀត នៅខេត្តព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ ៖ តាមរយៈគម្រោងមូលនិធិបន្សាំជំរុញភាពធនរបស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិ ទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ក្រសួងបរិស្ថានបានបន្តដាំកូនឈើព្រៃ១៥០០០ដើមបន្ថែមទៀត នៅថ្ងៃសៅរ៍៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ៍ នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងបន្ទាប់ពីការដាំស្តារព្រៃធម្មជាតិ ចំនួន២៥០០០ដើម នៅខេត្តសៀមរាប កាលពីម្សិលមិញ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សិរី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស ព្រះសង្ឃ និងប្រជាសហគមន៍ជាច្រើនអង្គនាក់។

ឯកឧត្តម ស៊ូ សិរី បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសយុទ្ឋនាការដាំកូនឈើព្រៃនៅតាមតំបន់ការពារធម្មជាតិនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់បង្កើនគម្របព្រៃ និងចូលួមនៅក្នុងការឆ្លើយតបការបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា ធនធានធម្មជាតិមានតួនាទីសំខាន់ក្នុងការផ្តល់ជាជម្រកសត្វព្រៃ ទប់ស្កាត់បាននូវគ្រោះធម្មជាតិនានា និងជាប្រយោជន៍នៃការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈយន្តការកញ្ចប់ថវិការមូលនិធិបរិស្ថាន សង្គម ជួយដល់ការអភិរវឌ្ឍសហគមន៍ ក៏ដូចជាការពង្រឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិជាដើម។

ឯកឧត្តមបានបន្ថែមថា កន្លងមកក្រសួងបរិស្ថាន បានខិតខំធ្វើការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើស ការទន្ទ្រានដីព្រៃ និងបានផ្តល់បច្ចេកទេស ក៏ដូចជាពូជសត្វ ដល់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាន់តែប្រសើរនៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលបានចូលរួមដាំកូនឈើព្រៃនៅថ្ងៃនេះ បន្តថែរក្សាការពារកូនឈើឱ្យបានលូតលាស់ល្អ និងចូលរួមកាត់បន្ថយការដាក់សម្ពាធទៅលើធនធានធម្មជាតិ និងផ្លាស់ប្តូរគំនិតចូលរួមថែរក្សាធនធាននេះឱ្យបានគង់វង្ស។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រសួងបរិស្ថាន បានដាំកូនឈើព្រៃចំនួន៤០០០០ដើម ដើម្បីស្តារព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ ចំនួនពីរគឺនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលេន ខេត្តសៀមរាប និងនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ខេត្តព្រះវិហារ លើផ្ទៃដីចំនួន១៦ ហិចតា ដែលបានដកហូតពីការកាប់ទន្ទ្រានដីព្រៃដោយជនល្មើស នៅតាមតំបន់ការពារធម្មជាតិទាំងនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner