អភិបាលខេត្តកំពង់ស្ពឺ៖ មនុស្សចាស់ គឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេង ក្នុងបុព្វហេតុជួយអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មនុស្សចាស់ គឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងបុព្វហេតុជួយអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ហើយចាស់ព្រឹទ្ធាចារ្យ ជាឪពុក-ម្តាយ របស់រដ្ឋបាលខេត្ត ដែលយើងទាំងអស់គ្នា ត្រូវរៀនសូត្រតាម។ ការលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជនសម្រាប់ថ្ងៃនៃក្តីស្រឡាញ់១៤កុម្ភៈក្រោមប្រធានបទ រួមគ្នាដើម្បីស្នាមញញឹម ធ្វើឡើងនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បន្តថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយនិវត្តន៍ជន ចាស់ព្រឹទ្ធាចារ្យ គ្រប់ជំនាន់។ ការប្រារព្ធធ្វើនូវការជួបជុំនេះដែរ គឺជាការគោរពដឹងគុណ ដល់គុណូបការៈ ដែលចាស់ព្រឹទ្ធាចារ្យបានបន្សល់ទុក ហើយក៏ជាការដឹងគុណមួយដ៏មហាធំធេង ដែលក្នុងនាមជាអ្នកដឹកនាំ ជាអ្នកបន្តវេន ជំនាន់ក្រោយនេះដាច់ខាតត្រូវធ្វើការរៀនសូត្រតាមនូវគំរូវីរៈភាពនៃការលះបង់ របស់ព្រឹទ្ធាចារ្យយើងនៅគ្រប់ជំនាន់។

ឯកឧត្តមថា ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលអង្គុយនៅទីនេះ គឺជីវិតរបស់គាត់រើសបានពីសង្គ្រាមមកទេ មានព្រឹទ្ធាចារ្យច្រើនណាស់ដែលបានលះបង់អាយុជីវិត នៅក្នុងសមរភូមិសង្គ្រាមដើម្បីទាមទារនូវសុខសន្តិភាពជូនយុវជនជំនាន់ក្រោយ។ហើយការជួបជុំគ្នា នៅពេលនេះគឺក្នុងឱកាសដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ភាពសំបូរសប្បាយ ដែលនេះជាការជួបជុំមួយក្នុងមហាគ្រួសារ នៃប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពិសេសរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្តង។

ទន្ទឹមនឹងនេះឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ ស្តីពី សុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ ត្រៀមចូលនិវត្តន៍ តាមរយៈការផ្តល់ដីសម្បទាន សង្គមកិច្ច ហើយបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា។ជាមួយនោះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយ សម្រាប់មនុស្សចាស់ និងគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សចាស់នៅទូទាំងប្រទេសផងដែរ ៕ ម៉ុន សំអាត

ads banner