មុខទំនិញជាច្រេីនដែលប៉ះពាល់សុខភាពសិស្ស ត្រូវបានក្រសួង ពាណិជ្ជកម្មប្រកាសចាត់វិធានការតាមច្បាប់ បេីមានលក់នៅ តាមសាលារៀនរដ្ឋ និងឯកជន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសថា នឹងសហការដើម្បីធ្វើឱ្យ មាន ភាពប្រាកដប្រជាថាទំនិញដែលដាក់លក់តាមសាលារៀនពិតជាត្រូវបាន អនុវត្តតាមការស្នើសុំរបស់ក្រសួងអប់រំ។

មន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថានឹងចុះស្រាវជ្រាវ ត្រួតពិនិត្យ មុខទំនិញអាហារប៉ះពាល់ សុខភាពនិងចាត់វិធានការផ្លូវការច្បាប់ ចំពោះអាជីវករ និងអ្នកផលិតផលិតផលណា ដែលចែកចាយលក់ ទំនិញអាហារប៉ះពាល់សុខភាពក្មេងៗ តាមសាលារៀន។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងថា ក្រសួងនឹងចាត់វិធានការ តាម ផ្លូវច្បាប់ចំពោះអ្នកលក់ចំណីអាហារនៅតាមសាលារៀន រដ្ឋ និងឯកជននានាដើម្បីសុវត្ថិភាព ចំណីអាហារដល់សិស្សសាលា។

ប្រភពដដែលបន្តថា មួយរយៈកន្លងមកក្រសួងពាណិជ្ជកម្មបាន ធ្វើ កិច្ចការជាច្រើនដើម្បីធានាបានសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុន្តែលើកនេះត្រូវធ្វើថែមទៀតដើម្បីសុខមាលភាពរបស់សិស្សសាលានិងធានាបានថានៅតាមសាលារៀនមិនមានលក់អាហារដែលក្រសួងអប់រំយុវជននិងកីឡាបានហាមឃាត់នោះទេ។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្រោយពិធីបើក វគ្គបណ្តុះបណ្តាលកម្មសិទ្ធបញ្ញា ត្រៀម ប្រឡងជ្រើសរើស ភ្នាក់ងារ តំណាង ស្របច្បាប់ នៃម្ចាស់ម៉ាកជំនាន់ទី៦ នៅកម្ពុជា ថ្ងៃទី១៧ ខែកុម្ភៈ នេះថ្លែងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មដែលមាន អគ្គនាយក ដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និង ប្រកួតប្រជែង ហៅកាត់ថា ក.ប.ប បាននិងកំពុងធ្វើចុះស្រាវជ្រាវនិងត្រួតពិនិត្យមុខ ទំនិញអាហារ ចែកចាយតាមទីផ្សារ យកមកធ្វើតេស្តរកសារធាតុផ្សំប៉ះពាល់ សុខភាពជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព សុវត្ថិភាពអ្នកប្រើ ប្រាស់។

លោករដ្ឋលេខាធិការបន្តថា នៅពេលនេះមន្ត្រីជំនាញក្រសួង ពាណិជ្ជកម្ម ក៏នឹងពង្រីកការចុះត្រួតពិនិត្យ មុខ ទំនិញអាហារ នៅតាមសាលារៀនបន្ថែមទៀតនិងចាត់ វិធានការតាមផ្លូវច្បាប់ នៅពេលរកឃើញ មុខទំនិញចំណី អាហារណាមានសារធាតុ ហាមឃាត់ ដែលបង្កផលប៉ះ ពាល់ សុខភាពដល់ក្មេងៗជា ពិសេសសិស្សានុសិស្ស។

សូមបញ្ជាក់ថា ក្រោយពីសង្កេតឃើញ មានការលក់ដូរចំណី អាហារមិនមាន សុវត្ថិភាព និង សុខុមាលភាព ដល់សិស្សា នុ សិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រសួងអប់រំ បានផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើក កម្ពស់ សុវត្ថិភាព និងសុខុមាល ភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ និងឯកជនឡើងវិញ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីបន្តក្រើនរំលឹកសារជាថ្មី ឲ្យ គណៈគ្រប់គ្រងសាលារៀននានា ពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។

ក្រសួងអប់រំយុវជននិងកីឡា ក៏បានបង្ហោះរូបភាពមុខ ទំនិញ ផលិតផលប្រភេទ នំ ចំណី អាហារ ជាច្រើន ដែល ក្រសួងហាម ឃាត់ក្នុងការលក់ដូរនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ និងឯកជនផងដែរ ក្នុងទិស ដៅលើកកម្ពស់សុវត្ថិភាព និង សុខុមាលភាព របស់អ្នកសិក្សា និង បុគ្គលិកអប់រំជាដើម៕
ដោយ ៖ ប៊ុនធី ,ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner