រុស្ស៊ី ៖ លោកខាងលិចច្រានចោលដំណោះស្រាយប្រឆាំងនឹងរុស្ស៊ី ដែលដាក់ជូនសម័យប្រជុំពិសេសរបស់មហាសន្និបាត អ.ស.ប
អ.ស.ប៖ អនុតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ប៉ូលីយ៉ានស្គី បាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍នេះថា បណ្តាប្រទេសលោកខាងលិចបានច្រានចោលដំណោះស្រាយប្រឆាំងនឹងរុស្ស៊ី ដែលនឹងដាក់ជូនសម័យប្រជុំពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែន នៅថ្ងៃទី២២ ខែកុម្ភៈខាងមុខ។
លោក ប៉ូលីយ៉ានស្គី បាននិយាយថា ការងារលើសេចក្តីព្រាងសេចក្តីសម្រេចរបស់មហាសន្និបាតស្តីពី “ខួបលើកទីមួយ” នៃប្រតិបត្តិការយោធាពិសេស គឺមានភាពលំបាក។ បស្ចិមប្រទេសបានព្យាយាមសម្រួលអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ហើយដកបញ្ហារសើបទាំងអស់ចេញ ដើម្បីទទួលបានការគាំទ្រយ៉ាងទូលំទូលាយបំផុត។
សម័យប្រជុំពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែននឹងបន្តបើកដំណើរការជាថ្មីទៀតនៅថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះ។ ដំណោះស្រាយដែលអំពាវនាវឱ្យដោះស្រាយជម្លោះ ដោយផ្អែកលើផែនការ១០ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវលើកយកមកបង្ហាញដល់សម័យប្រជុំ។
ទន្ទឹមគ្នា តំណាងពិសេសរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនហ្ស៊ីយ៉ា បានរិះគន់គំនិតផ្តួចផ្តើមបែបនេះថា ជាការចំអកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិ។ ការបោះឆ្នោតលើសេចក្តីសម្រេចខាងលើនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា


