បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមអញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបាន គ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីផ្តល់ឱកាស ជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមឱ្យ សមាជិក ទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេច តេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូម ជឿ ទុកចិត្ត ព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់ គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាស ប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។
ការថ្លែងនេះក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាយុវជនគណបក្ស ប្រជាជនកម្ពុជាមានភារកិច្ចបម្រើប្រជាពលរដ្ឋដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរសុភាពរាបសា ហើយ លើសពីនេះក៏ត្រូវខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផល វិជ្ជមាន ថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតី សាមគ្គី ភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់ សមត្ថភាពនិងការយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និង ចូលរួមចំណែកទាំងអស់គ្នាក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយរុងរឿង និងសុភមង្គល។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ដែលនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះបានយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ដ៏ធំធេង ដោយយកអស់ គ្រប់លទ្ធភាព ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធាន រហូតសម្រេចបានស្នាដៃ និងសមិទ្ធផលការងារជាច្រើនជូនគណបក្ស ប្រជាជនកម្ពុជា និងជាតិមាតុភូមិ៕ ដោយ៖ពលជ័យ





