កាណូតជនភៀសខ្លួន រូហ៊ីងយ៉ា ភាគច្រើនជាស្ត្រីនិងកុមារ ចុះចតនៅឆ្នេរសមុទ្រ ឥណ្ឌូនេស៊ី

ហ្សាកាតា៖ កាណូតដឹកក្រុមជនភៀសខ្លួន រ៉ូហ៊ីងយ៉ា រាប់សិបនាក់បន្ថែមទៀត បានចុះចតនៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។

កាណូតផ្ទុកជនភៀសខ្លួន រ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ ចំនួន៦៩នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានចុះចតនៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី នេះបើតាមមន្ត្រី នៃទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ។

លោក អូធីណា ហាហ្វានទី (Oktina Hafanti) មន្ត្រីរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា កាណូតឈើនេះបានចូលចត នៅឆ្នេរមួយក្នុងខេត្ត អាចេះ (Aceh) ភាគខាងលិចដាច់ស្រយាល របស់ប្រទេសឥណ្ឌូណេស៊ី ដោយមានអ្នកដំណើរម្នាក់និយាយថា អ្នកដំណើរខ្លះនៅលើកាណូតបានស្លាប់ ក្នុងអំឡុងពេលធ្វើដំណើរ។

នេះគឺជាទូក ឬកាណូយរបស់ក្រុម រ៉ូហ៊ីងយ៉ា ទីប្រាំមួយ ដែលចូលចតក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។

ជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់ត្រូវបានប៉ាន់ប្រមាណថា កំពុងរស់នៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង តាំងពីឆ្នាំ២០១៧។

មនុស្សរាប់ពាន់នាក់ប្រថុយជីវិតរបស់ពួកគេ ជារៀងរាល់ឆ្នាំ លើការធ្វើដំណើរតាមសមុទ្រដ៏វែង ដែលជាញឹកញាប់ នៅក្នុងទូកឬកាណូតដែលមានគុណភាពអន់ ព្យាយាមទៅដល់ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ី។

លោក ហាហ្វានទី បាននិយាយថា “បច្ចុប្បន្ន យើងរាប់ចំនួន ៦៩នាក់ ក្នុងចំណោមពួកគេ រួមទាំងបុរស ស្ត្រី និងកុមារ” ។ មន្ត្រីរូបនេះបានបន្ថែមថា ជនភៀសខ្លួនទាំងនោះកំពុងត្រូវបានបញ្ជូនទៅកាន់ទីជម្រកបណ្តោះអាសន្នក្បែរនោះ។

កាណូយចំនួន៥ផ្សេងទៀត ដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានចុះចតនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំមុន ដោយដឹកអ្នកដំណើរសរុប ជិត៧០០នាក់។

យោងតាម យូ.អិន.អេជ.ស៊ី.អ (UNHCR) បានឱ្យដឹងថា មនុស្សជាង ២០០០នាក់ ត្រូវបានគេជឿថាបានព្យាយាមធ្វើដំណើរ ប្រថុយនឹងគ្រោះថ្នាក់ កាលពីឆ្នាំ ២០២២ ដែលជាចំនួនស្រដៀងគ្នាទៅនឹងឆ្នាំ ២០២០៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner