រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ

អត្ថបទដោយ៖
Kien Sereyvuth

   រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជម្រុញឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម ធ្វើកិច្ចការបួនយ៉ាង ដើម្បីពង្រឹងប្រសិទ្ធភាព ការអនុវត្តអភិបាលកិច្ចល្អ។ ការជម្រុញរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ឱកាសដែល លោកចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នាថ្ងៃ២៣សីហា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់មន្ទីរ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងារសំខាន់ៗ របស់ ក្រសួងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការដែលរាជរដ្ឋាភិបាល និងក្រសួងកំពុងបន្តអនុវត្ត សំដៅជំរុញការអភិវឌ្ឍ វិស័យពាណិជ្ជកម្មជាតិ។ ក្នុងពិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានជម្រុញឲ្យ មន្ត្រីក្រោមឳវាទធ្វើ កិច្ចការសំខាន់ៗចំនួនបួន ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដូចជា (១)ខិតខំពង្រីកចំណេះដឹងទាំងកម្រិតជំនាញ និងភាសាបរទេស (២) សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម (៣)បញ្ចៀសដាច់ខាតការយកកម្រៃសេវាក្រៅផ្លូវការពីវិស័យឯកជន និង(៤) សហការជាមួយក្រុមការងារចុះពង្រឹងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាម ស្ថាប័នរបស់ខ្លួន។ លោករដ្ឋមន្ត្រី  ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រ សួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបាន អនុម័តកាល ពីខែមិថុនា ឆ្នាំ២០០៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី) រវាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ធានា ការអភិវឌ្ឍសង្គម និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលការងារផ្នែកពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការចរចាទាញយកអត្ថប្រយោជន៍ផ្សេងៗ ពីកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ព្រមទាំងបានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលការងារទាំងឡាយ ដែលកើតចេញពីវប្បធម៌សាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ក៏ដូចជាសាខាកាំកុងត្រូលរាជធានី-ខេត្តផងដែរ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner