រដ្ឋមន្ត្រីសុខាភិបាលជឿថា កម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ ទាំងស្រុងនៅឆ្នាំ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានបង្ហាញ ជំនឿថា កម្ពុជានឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម ឬ ទម្រង់សន្ធំ បាននៅឆ្នាំ២០២៣ និងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើ គ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ នៅឆ្នាំ២០២៥ ខណៈចាប់ពីឆ្នាំ២០១៨ កម្ពុជា មិនមានករណីស្លាប់ដោយជំងឺនេះនោះទេ។

ការបង្ហាញជំនឿយ៉ាងមុតមាំនេះបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះ ទៅកម្ពុជាគ្មានជម្ងឺគ្រុនចាញ់ «ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣» នាសណ្ឋាគារសុខា ខេត្តព្រះ សីហនុនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មិនមានករណីស្លាប់ដោយ ជំងឺ គ្រុន ចាញ់នោះទេ បើគិតត្រឹមរយៈពេលជិតពីរខែ ដើមឆ្នាំ២០២៣មកនេះ ជំងឺគ្រុនចាញ់មានតែ ប្រាំបីករណីប៉ុណ្ណោះ។

កម្ពុជានឹងខិតខំពង្រឹងការងារតាមដានបន្ដទៅទៀត ជាពិសេសគឺយើងលើក ទឹកចិត្ដដល់អ្នកស្ម័គ្រចិត្ដប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសភូមិ-ឃុំ តាមដានចំនួនអ្នកណាខ្លះត្រូវចូលព្រៃ យើងត្រូវចែកមុង ជ្រលក់ថ្នាំ ថ្នាំលាប ថ្នាំព្យាបាល ស្បែកជើង ហើយពេលត្រលប់ មកវិញ ត្រូវធ្វើតេស្ដគ្រុនចាញ់ ដូច្នេះយើងអាចត្រួតពិនិត្យតាមដានបាន»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខភាពសារធារណៈ និងបានកំណត់បញ្ចូលទៅក្នុង «ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០» ដើម្បីធានាឱ្យជីវភាព រស់នៅ របស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាល ភាព របស់មនុស្ស គ្រប់រូប និងគ្រប់វ័យ រួមទាំងបញ្ចប់ការរីករាលដាលមេរោគ អេដស៍ ជំងឺរបេង គ្រុនចាញ់ ជំងឺតំបន់ត្រូពិក ដែលមិនត្រូវបាន យកចិត្ត ទុកដាក់ គ្រុនឈាម គ្រុនឈិ ដង្កូវព្រូន ជំងឺថ្លើម ជំងឺឆ្លងតាមទឹក និងជំងឺឆ្លង ផ្សេងទៀត ត្រឹមឆ្នាំ២០៣០។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា ៖ «លើសពីនេះ សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចិត្តខ្ពស់ចូលរួមលើកកម្ពស់សុខភាព សារ ធារណៈ ទាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មហាអនុតំបន់ទន្លេមេគង្គ និង សកលលោក តាមរយៈការផ្តួចផ្តើម និងអនុម័ត ដាក់គោលដៅ សម្រេចផែន ការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ក្នុង ព្រះរាជាណាចក្រកម្ពុជា»។

នាឱកាសនោះដែរ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ ជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល លោក ហ៊ុយ រ៉េកុល បានថ្លែងថា ឆ្នាំ២០២២កន្លងមកនេះ ករណីជំងឺគ្រុនចាញ់មានចំនួនសរុប ៤,០៥៣ករណី និងគ្មានស្លាប់ បានន័យថាចំនួនករណីបានបន្តថយចុះ ៦ភាគរយទៀត បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមាន ៤,២៧៦ ករណី។
ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬទំរង់សន្ធំ) និងចំរុះ មានចំនួន ៤១៤ករណី (ឬស្មើនឹង ១០ភាគរយ នៃចំនួនករណីគ្រុនចាញ់សរុប) គឺបានកើនឡើងចំនួន ២០ភាគរយច្រើនជាងឆ្នាំ២០២១ មាន ៣៤៤ ករណី។ ចំពោះជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ (ឬ ទំរង់លាប់) មានចំនួន ៣,៥៨១ករណី (ឬស្មើនឹង ៩០ភាគរយ នៃចំនួនករណីគ្រុនចាញ់សរុប) បានបន្តថយចុះចំនួន ១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ មាន ៣,៩៧៤ករណី។
លោក ហ៊ុយ រ៉េកុល បន្ថែមថា សមិទ្ធិផលឆ្នាំ២០២២ សូចនាករអត្រា អាំងស៊ីដង់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅសល់០,២៤ គឺសម្រេចបាន ជោគជ័យ ១៣១ភាគរយ នៃគោលដៅគ្រោង០,៣៥ បានន័យថា ៩១,៤ភាគរយ នៃស្រុកប្រតិបត្តិសរុបកំពុងមានអត្រាអាំងស៊ីដង់ ជំងឺទាបជាង១,០។

សូចនាករអត្រាអាំងស៊ីដង់ជំងឺគ្រុនចាញ់ប្រភេទសន្ធំនៅសល់ ០,០២ គឺសម្រេចបានជោគជ័យ១៥០ភាគរយ នៃគោលដៅគ្រោង០,០៤ តែជាមោទនភាពនោះគឺ សូចនាករជំងឺគ្រុនចាញ់ប្រភេទសន្ធំទាបជាង១,០ នៅតាមស្រុកប្រតិបត្តិបានកើនដល់ ៩៨ភាគរយ គឺសម្រេចបាន ជោគជ័យ ១០២ភាគរយនៃគោលដៅ៩៦ភាគរយ លើកលែងតែ ២ស្រុកប្រតិបត្តិ ទៀតគឺ សែនមនោរម្យ និងភ្នំក្រវាញ ដែលត្រូវសម្រេចនៅដំណាច់ ឆ្នាំ២០២៣៕
ដោយ៖យុទ្ធ វីរៈ

ads banner