កូរ៉េខាងជើង បានបាញ់ មីស៊ីល រយៈ ចម្ងាយ ខ្លី បន្ទាប់ពីធ្វើការគំរាមកំហែង ចំពោះ សមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង
កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង «រយៈ ចម្ងាយ ខ្លី» ចំនួន ២ គ្រាប់ ឆ្ពោះទៅកាន់ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ដោយបង្កការថ្កោលទោសភ្លាម ៗ ពីគូប្រជែង ហើយជំរុញឱ្យ ទីក្រុងតូក្យូ ស្នើសុំកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាបន្ទាន់ ។ នេះបើតាមការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
ការបាញ់អាវុធនេះ ធ្វើឡើងមិនដល់ ៣ ថ្ងៃផង បន្ទាប់ពី កូរ៉េខាងជើង បាន បាញ់មីស៊ីល ផ្លោងអន្តរទ្វីប កាលពី ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ខណៈ លោកស្រី គីម យូ ជុង ដែលជាប្អូនស្រី របស់ មេដឹកនាំ កូរ៉េខាង ជើង លោក គីម ជុងអ៊ុន ដ៏មាន ឥទ្ធិពល បានធ្វើការគំរាមកំហែងចេញសកម្មភាពឆ្លើយតបឱ្យចាស់ដៃ ចំពោះ សមយុទ្ធយោធា អាមេរិក – កូរ៉េខាងត្បូង ដែលខ្លួនចាត់ទុកថា ជា ការហាត់សម ឈ្លានពាន ។
អ្នកជំនាញខ្លះនិយាយថា កូរ៉េខាងជើង អាចប្រើការសាកល្បង ថ្មី ដើម្បីពង្រីកឃ្លាំងអាវុធ របស់ខ្លួន ហើយនៅទីបំផុត មានបំណងប្រើប្រាស់ អាវុធ ដែលខ្លួនមាននោះ ដើម្បីជាអានុភាព ក្នុងការចរចាជាមួយ សហរដ្ឋ អាមេរិក ។
បើតាម AP យោធា កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានឃើញមីស៊ីល ២ គ្រាប់ បាញ់ចេញ ពីឆ្នេរភាគខាងលិច ដែលស្ថិតនៅភាគខាងជើង នៃទីក្រុងព្យុងយ៉ាង នាព្រឹកថ្ងៃចន្ទនេះ ។ ជប៉ុន វិញបានឱ្យដឹងថា មីស៊ីល ទាំង ២ បានធ្លាក់ ក្នុងដែនទឹកខាងក្រៅតំបន់ សេដ្ឋកិច្ច ផ្តាច់មុខ របស់ ជប៉ុន ដែលស្ថិតនៅ ចន្លោះ ឧបទ្វីប កូរ៉េ និង ជប៉ុន ប៉ុន្តែមិនបង្កការខូច ខាតអ្វីនោះទេ ។
យោងតាម ការវាយតម្លៃ របស់ ជប៉ុន និង កូរ៉េខាងត្បូង មីស៊ីល របស់ កូរ៉េខាងជើង បានហោះ ក្នុងរយៈកម្ពស់ អតិបរមា ពី ៥០-១០០ គីឡូម៉ែត្រ និង ចម្ងាយ ពី ៣៤០-៤០០ គីឡូម៉ែត្រ ។ យោធា កូរ៉េ ខាងត្បូង បាននិយាយ ថា ការបាញ់មីស៊ីល ម្តងហើយម្តងទៀត របស់ កូរ៉េខាងជើង គឺជា « ការបង្កហេតុ ដ៏ធ្ងន់ធ្ងរ » ដែល បំផ្លាញ សន្តិភាព អន្តរជាតិ ។ ចំណែក ឯ ជប៉ុន វិញ បានថ្កោលទោស ការ បាញ់បង្ហោះនេះថា ជាការរំលោភ លើសេចក្តីសម្រេច របស់ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ និង ការគំរាម កំហែង ដល់ សន្តិភាព និង សុវត្ថិភាព របស់ ជប៉ុន និង សង្គម អន្តរជាតិ ។
នាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បានថ្លែង ប្រាប់អ្នកយក សារព័ត៌មាននៅ ថ្ងៃចន្ទ ថា ជប៉ុន កំពុង ស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ជាបន្ទាន់ ដើម្បីឆ្លើយតប ទៅនឹង ការបាញ់បង្ហោះ របស់ កូរ៉េខាងជើង ។ លោក បន្ត ថា ៖ « យើងត្រូវតែធ្វើឱ្យ ស៊ីជម្រៅ លើ កិច្ច សហប្រតិបត្តិការ ជប៉ុន – អាមេរិក និង ជប៉ុន – អាមេរិក – កូរ៉េ ខាងត្បូង » ។
ស្រដៀងគ្នានេះដែរ ទីបញ្ជាការឥណ្ឌូ ប៉ាស៊ីហ្វិក របស់ សហរដ្ឋ អាមេរិក បាន និយាយថា ការបាញ់ មីស៊ីល នេះ បង្ហាញ ពី « ផល ប៉ះ ពាល់ជា អស្ថិរភាព » នៃ កម្មវិធី អាវុធ ខុស ច្បាប់ របស់ កូរ៉េខាងជើង ។ ទីបញ្ជាការដដែលបានបន្តថា ការប្តេជ្ញាចិត្ត របស់ សហរដ្ឋអាមេរិក ចំពោះ ការការពារ កូរ៉េខាងត្បូង និង ជប៉ុន នៅតែរឹងមាំ ។
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង បានផ្សាយ បញ្ជាក់អ្វីដែល កូរ៉េខាងជើង និង ជប៉ុន បានរាយការណ៍ ថា កងកាំភ្លើងធំ រយៈចម្ងាយ ឆ្ងាយ នៅឆ្នេរសមុទ្រ ភាគខាងលិច របស់ខ្លួន បានបាញ់គ្រាប់ចំនួន ២ ដោយ ឆ្លងប្រទេស ទៅកាន់ ដែន ទឹក នៅភាគខាងកើត នៅព្រឹកថ្ងៃ ចន្ទ ។
ទីភ្នាក់ងារ សារព័ត៌មាន មជ្ឈិម កូរ៉េ (KCNA) បាន និយាយ ថា គ្រាប់ កាំភ្លើង ធំ របស់ កូរ៉េ ខាង ជើង បាន បាញ់ វាយ ប្រហារ លើ គោលដៅ ដែល មាន ចម្ងាយ រហូត ដល់ ៣៩៥ គីឡូម៉ែត្រ ។ កូរ៉េខាងជើង បានឱ្យដឹងថា ការបាញ់បង្ហោះ បានប្រើប្រព័ន្ធ បាញ់គ្រាប់ រ៉ុក្កែត ច្រើនប្រភេទ ៦០០ មីលីម៉ែត្រ ដែលអាចបំពាក់អាវុធ នុយក្លេអ៊ែរ តាកទិក សម្រាប់ប្រើប្រាស់ ក្នុងសមរភូមិ ។ អ្នកជំនាញខ្លះ បានចាត់ទុកប្រព័ន្ធសព្វាវុធ នេះ ជា មីស៊ីលផ្លោងរយៈចម្ងាយ ខ្លី ។ ទន្ទឹម នឹងការបាញ់ចុងក្រោយនេះ លោក ស្រី គីម យូជុង បានថ្លែង ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយ KCNA ថា ៖ « ភាព ញឹកញាប់ នៃការប្រើប្រាស់ ប៉ាស៊ីហ្វិក ជាទីដៅបាញ់គ្រាប់ របស់ យើង គឺ អាស្រ័យលើ ចរិត លក្ខណៈ សកម្មភាព របស់ កងកម្លាំង សហរដ្ឋ អាមេរិក »។
លោក ស្រី បន្ត ថា ៖ « យើង ដឹង យ៉ាងច្បាស់ អំពីចលនា នៃ មធ្យោបាយ វាយប្រហារ ជាយុទ្ធសាស្ត្រ របស់ កងកម្លាំង សហរដ្ឋ អាមេរិក (ដែល ) នាពេលថ្មីៗនេះ កំពុង ដំណើរការ យ៉ាងលឿន នៅជុំវិញ ឧបទ្វីប កូរ៉េ » ។
មិនត្រឹមតែប៉ុណ្ណេះ លោក ស្រី គីម យូជុង ថែមទាំងគំរាមថា នឹងចាត់ វិធានការ ឆ្លើយតបដោយមិនបញ្ជាក់ ឱ្យច្បាស់ ទៅនឹងចលនា នាពេល អនាគត របស់យោធា សហរដ្ឋ អាមេរិក ។
លោក ស្រី អាច សំដៅ លើ យន្តហោះ ទម្លាក់គ្រាប់បែក រយៈចម្ងាយ ឆ្ងាយ អាមេរិក B-1B ចំពោះ ការហ្វឹកហាត់ ដាច់ដោយឡែកជាមួយ កូរ៉េខាងត្បូង និង ជប៉ុន ។ អាមេរិក បានដាក់ ពង្រាយ B-1B ដើម្បី ឆ្លើយតប ទៅនឹងការបាញ់ បង្ហោះ មីស៊ីល ផ្លោង អន្តរទ្វីប Hwasong-15 ICBM របស់ កូរ៉េ ខាងជើង កាលពីថ្ងៃសៅរ៍ ។
ជុំវិញបញ្ហានេះ ប្រមុខ ខុទ្ទកាល័យ ជប៉ុន លោក Hirokazu Matsuno បាន ថ្លែងថា ៖ « វា ច្បាស់ណាស់ ថា កូរ៉េខាងជើង កំពុងបន្តអនុវត្ត ជាក់ស្តែង នូវការបាញ់ មីស៊ីល ផ្លោង អន្តរទ្វីប »។ លោក បានកត់សម្គាល់ ថា កូរ៉េខាងជើង អាចនឹងបង្កើនការបង្កហេតុ រួមទាំងការបាញ់ មីស៊ីល ក៏ ដូចជាការ សាកល្បង នុយក្លេអ៊ែរ បន្ថែមទៀត ហើយបានសង្កត់ធ្ងន់លើ តម្រូវការសម្រាប់ កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ ជាមួយ ទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង សេអ៊ូល ។
ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វ ផ្សាយ រដ្ឋកូរ៉េខាងជើង បានឱ្យដឹង នៅថ្ងៃ អាទិត្យ ថា ការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ធ្វើឡើងដើម្បី ពង្រឹងសមត្ថភាព វាយប្រហារ នុយក្លេអ៊ែរ របស់ខ្លួន និង ផ្ទៀងផ្ទាត់ភាពជឿជាក់ របស់ អាវុធ ហើយត្រៀមខ្លួន ប្រយុទ្ធសម្រាប់ កម្លាំង នុយក្លេអ៊ែរ របស់ ប្រទេស ។ ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃ អាទិត្យ លោក ស្រី គីម យូជុង បាន គំរាម ថានឹងចាត់វិធានការឱ្យចាស់ ដៃ បន្ថែមទៀត លើសមយុទ្ធយោធា នាពេលខាងមុខរវាងសហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ។
ជាទូទៅ សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ចាត់ទុក ការធ្វើសមយុទ្ធរួម របស់ខ្លួន ដើម្បីត្រៀមការពារខ្លួន ក៏ដូចជា ដើម្បីឆ្លើយតប នឹងការបង្កើន ភាពតានតឹង របស់ ក្រុងព្យុងយ៉ាង ។
អ្នកសង្កេតការណ៍ខ្លះ និយាយថា កូរ៉េ ខាងជើង តែងតែប្រើបញ្ហានេះ ជាលេសដើម្បីពង្រឹង និងធ្វើឱ្យប្រព័ន្ធ សព្វាវុធ របស់ខ្លួន ល្អឥតខ្ចោះ ។ គួរ រំឭកថា ខណៈ ភាពតានតឹង ក្នុងតំបន់ កើនឡើង យោធាកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក គ្រោងនឹង ធ្វើ សមយុទ្ធ កំពូលរួមមួយ នៅសប្តាហ៍ នេះ ៕ ហួន ឌីណា