រដ្ឋមន្រ្តី ថោង ខុន បង្ហាញយន្តការរបៀបធ្វើការងារឲ្យប្រទាក់ក្រឡាគ្នាដល់គណៈកម្មការពិធីការជាមួយគណៈកម្មការផ្សេងៗ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តីនៃគណៈកម្មាធិការជាតិរៀបកីឡាស៊ីហ្គេម និងអាស៊ាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដាក់ចេញនូវទិសដៅការងារដល់គណៈកម្មការរៀបចំពិធីការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ដែលនឹងខិតជិតមកដល់ឲ្យត្រៀមលក្ខណៈបានល្អប្រសើរគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងស្ថិតនៅក្នុងការចងចាំគ្រប់ប្រតិភូអន្តរជាតិមកចូលរួមទាំងអស់។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយកិច្ចប្រជុំ នាព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានតេជោ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើការរៀបចំពិធីការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ឯកឧត្តម បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ បានណែនាំពីការចង្អុលបង្ហាញផែនការលម្អិតសម្រាប់គណៈកម្មការរៀបចំពិធីដែលសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ជាប្រធានCAMSOC បានដាក់ទៅកាន់គណៈកម្មការទទួលបន្ទុករៀបចំពិធីការ។

ឯកឧត្តម អគ្គលេខាធិការ បានពន្យល់ថា នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត ថោង ខុន បានណែនាំ ឲ្យគណៈកម្មការទទួលបន្ទុករៀបចំពិធីការកីឡាស៊ីហ្គេម និងអស៊ានប៉ារ៉ាហ្គេម ឲ្យបានស្គាល់ពីតួនាទីភារៈទៅតាមតួនាទីទទួលខុសត្រូវរាងៗខ្លួន ពិសេស របៀបធ្វើការគឺត្រូវអនុវត្តការងារឲ្យមានប្រទាក់ក្រឡាគ្នាជាមួយគណៈកម្មការទទួលបន្ទុកជំនាញផ្សេងៗ ដើម្បីការងារបានប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគជ័យសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ឯកឧត្តម អះអាងទៀតថា កិច្ចប្រជុំគណៈកម្មការនៅព្រឹកនេះ គឺជាជំហានទី១នោះទេ គឺយើងគ្រាន់តែនិយាយលំម្អិតពីយន្តការ ទីតាំង និងនិយាយលម្អិតអំពីពិធី ថាតើមានពិធីអ្វីខ្លះ?។ ក្រៅពីនោះ គឺយើងបានលម្អិតអំពីការរៀបពិធីការ ក្នុងការទទួលបដិសណ្ឋាកិច្ចស្វាគមន៍ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រទេសអាស៊ានដែលមកចូលរួមតាមយុទ្ធសាស្រ្តណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានណែនាំ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការទទួលបន្ទុករៀបចំពិធីការព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងប្រជុំសសម្រេចនៅថ្ងៃទី០២ ខែ មុនា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ទេសរដ្ឋមន្រ្តី ឈិន តេនា ៕ ជាវ ចន្ធូ