គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥បានបង្ហាញនូវការគាំទ្របញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២២
ភ្នំពេញ៖ គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបង្ហាញនូវការគាំទ្រ ចំពោះបញ្ជីបោះឆ្នោត ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយសន្យាបន្តចូលរួមការបោះឆ្នោតសកលឆ្នាំ២០២៣ ។

ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងគណបក្សនយោបាយ បានលើកឡើងថា ការបិទបញ្ជីនេះ គឺជាការល្អ គឺមានចំណុចសំខាន៣ ដែល គ.ជ.ប បានលើកឡើង ក្នុងនោះ ទី១. ទាក់ទងនឹងការដកហូតសិទ្ធិ, ទី២.ស្លាប់ និងទី៣. ការផ្លាស់ទីលំនៅ ដែលចំណុចនេះ គឺសំខាន់ណាស់ សម្រាប់គណបក្សនយោបាយចង់បាន ។

តំណាងគណបក្សនយោបាយ បានបង្ហាញការគាំទ្រ ចំពោះការផ្សព្វផ្សាយនេះ ដែលការរៀបចំនេះ អាចឲ្យគណបក្សនយោបាយនានា បានសួរនាំបន្ថែម ទៅលើចំណុចមួយចំនួន ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោត ។
ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប មានប្រសាសន៍ថា បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២២ រួមមាន ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មានជាង ៩លាន ២សែននាក់, អ្នកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២២ ជិត៦០ម៉ឺននាក់, ចំនួនអ្នកផ្ទេរចូលចំនួនជាង ១៨ម៉ឺននាក់, ចំនួនអ្នកកែតម្រូវឈ្មោះ និងទិន្នន័យជាង ៦ម៉ឺននាក់, ចំនួនការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យ, ចំនួនឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដូចបូង ឆ្នាំ២០២២ ចំនួនជាង ៩លាន ៧សែននាក់ ស្មើនឹង ៨៩.២៨ភាគរយ លើចំនួនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ។

ឯកឧត្តមបានបន្តថា ឆ្នាំ២០២២ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំសង្កាត់ នៅទូទាំងប្រទេសសរុបជាង ២៧ម៉ឺននាក់ ។ សម្រាប់ការដាក់ ការទទួល និងដោះស្រាយពាក្យបណ្ដឹងនៅក្រុមប្រឹក្សាឃុំសង្កាត់ គឺគ.ជ.ប បានទទួលពាក្យបណ្ដឹងសរុបចំនួន ៩១បណ្ដឹង ក្នុងនោះបណ្ដឹងតវ៉ាមានចំនួន ៨៥បណ្ដឹង និងពាក្យបណ្ដឹងជំទាស់មានចំនួន ៦បណ្ដឹង ។ ដោយបណ្ដឹងទាំងអស់ ត្រូវបានដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ ៕


ដោយ-រ៉ាវុធ