ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ នៅស្រុកកំពង់ត្រាច ជាង៩០០គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ពីសមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ នៅស្រុកកំពង់ត្រាច ខេត្តកំពត ប្រមាណជាង៩០០គ្រួសារ សរុបជាង១០០០នាក់ ទទួលបានអំណោយសប្បុរសធម៌ ពីសមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិ។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពពីសំណាក់ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាង ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក អូន ខន អភិបាលស្រុកកំពង់ត្រាច តំណាងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រះតេជគុណ រូម៉ា ស្ថាបនិកសមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិ ព្រះចៅអធិការវត្ត រដ្ឋបាលស្រុក រួមនិងប្រជាពលរដ្ឋទីទ័លក្រនិងរងគ្រោះដោយសារទឹកជំនន់ជាច្រើនផងដែរ។

ក្នុងឱកាសនោះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច តំណាងប្រជាពលរដ្ឋទាំង៩៦៧គ្រួសារ មកពីរ១៤ឃុំ ក្នុងស្រុកកំពង់ត្រាច បានសម្ដែងសេចក្ដីសប្បាយរីករាយឥតឧបមា និងថ្លែងអំណរអរគុណចំពោះសមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិ ដែលបាននាំយកអំណោយពីសប្បុរសជននានា មកចែកជូនប្រជាពលរដ្ឋក្នងថ្ងៃនេះ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ ដែលសមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិ បាននាំយកមកចែកជូននាឱកាសនោះរួមមាន អង្ករ២០តោន មី១ពាន់កេស ភួយ១ពាន់ ម៉ុង១ពាន់ សំលៀកបំពាក់១ពាន់ឈុត ប្រេងឆា១ពាន់លីត្រ ទឹកស៊ីអ៊ីវ២ពាន់១០ដប់ អំបិល១កញ្ចប់ សាដកប្រគេនព្រះសង្ឃ២០អង្គ បច្ច័យចូលវត្ត៥០០ដុល្លារ ប្រជាពលរដ្ឋសរុប១ពាន់នាក់ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀល សរុបជាទឹកប្រាក់អស់ប្រមាណជាង៣ម៉ឺន១ពាន់ដុល្លារសហរដ្ឋអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner