ប្រជាពលរដ្ឋខ្មែរជាង៩,៧លាននាក់មានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាខាងមុខនេះ

អត្ថបទដោយ៖
CPA


ភ្នំពេញ៖ប្រជាពលរដ្ឋខ្មែរជាង៩,៧លាននាក់មានឈ្មោះបោះឆ្នោត នៅខែកក្កដាខាងមុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.)បឱ្យដឹងថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ មានចំនួន ៩.៧១០.៦៥៥ នាក់ ស្មើនឹង ៨៩,២៨ភាគរយ លើចំនួនប្រជាពលរដ្ឋអាយុ១៨ ឆ្នាំឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.បក្នុងកិច្ចប្រជុំនាព្រឹក ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់ សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងអំពីខ្លឹមសារសំខាន់មួយចំនួនទាក់ទងនឹងការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលក្នុង នោះមានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក បោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ ការបិទផ្សាយ និងការផ្សព្វផ្សាយបញ្ជីទាំងពីរនោះ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការពិនិត្យផ្ទៀងផ្ទាត់ និងការកែតម្រូវទិន្នន័យ ឡើងវិញ ក្រោយបញ្ចប់ការដោះស្រាយពាក្យបណ្តឹង។
ឯកឧត្តម ឯម សូផាត ឱ្យដឹងថា ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែល នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុ ស្លាប់ ដកសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកផ្លាស់ប្តូរទីលំនៅចេញពីឃុំ សង្កាត់ មានឈ្មោះស្ទួន ឬ/និងខ្វះលក្ខខណ្ឌច្បាប់ គ.ជ.ប បានលុប ឈ្មោះ សរុបចំនួន ២៧១.១៤២ នាក់។

ឯកឧត្តមបានបន្ថែមថា បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុប ចេញពីបញ្ជីបោះឆ្នោត ត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់បិទ ផ្សាយ ជាសាធារណៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ហើយក៏បាន បង្ហោះនៅលើគេហទំព័រ គ.ជ.ប និងដាក់ឱ្យប្រជាពលរដ្ឋពិនិត្យ មើលឈ្មោះខ្លួនតាមទូរសព្ទដៃផងដែរ ដោយប្រើ Application ដែលមានឈ្មោះ NEC KH។
ចំពោះការដោះស្រាយពាក្យបណ្តឹង ឯកឧត្តម ឯម សូផាត បានលើក ឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់បានទទួលពាក្យបណ្តឹងសរុបចំនួន ៩១បណ្តឹង ដែលមានពាក្យបណ្តឹងតវ៉ាចំនួន ៨៥បណ្តឹង និងពាក្យ បណ្តឹងជំទាស់ចំនួន ៦បណ្តឹង ហើយត្រូវបានដោះស្រាយចប់ជាស្ថាពរ នៅត្រឹមថ្នាក់ក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយពុំមានពាក្យបណ្តឹងបន្តមក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner