សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (Video Inside)
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានប្រព្រឹត្តទៅនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២១កុម្ភៈ ក្រោមអធិបតីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន គឺជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងការលើកទិសដៅឆ្នាំថ្មី បានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ដែលជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
សម្តេចតេជោបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។
លោកជំទាវ អ៊ឹង កន្ថាផាវី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈក្រោមសុខសន្តិភាពជាតិ៕