នាយករដ្ឋមន្ត្រីថៃថា នឹងរំលាយសភានៅខែមីនា ហើយបោះឆ្នោត នៅខែឧសភា
បាងកក៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសឲ្យដឹងថា ការការបោះឆ្នោតសកល នឹងធ្វើនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) បាននិយាយ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលមួយ នៅក្នុងខែឧសភា ជាមួយនឹងយុទ្ធនាការក្រៅផ្លូវការកំពុងដំណើរការរួចហើយ។
នាយករដ្ឋមន្ត្រី ដែលបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ដ៏ចម្រូងចម្រាស បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងរំលាយសភា នៅខែមីនា។
នៅក្រោមច្បាប់ធម្មនុញ្ញរបស់ថៃ នេះមានន័យថា ការបោះឆ្នោតមួយ នៅខែឧសភា គឺថ្ងៃទី៧ ឧសភា ហើយត្រូវបានគេមើលឃើញដោយអ្នកសង្កេតការណ៍ជាច្រើនថា ជាកាលបរិច្ឆេទដែលទំនងបំផុត។
លោក ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាទៀងទាត់ថា “ខ្ញុំនឹងរំលាយ (សភា)។ ខ្ញុំបាននិយាយថា ខែមីនា ដូច្នេះវានឹងជាខែមីនា ដូច្នេះ នឹងសមនឹងខែឧសភា” ។
ជាមួយនឹងសេដ្ឋកិច្ចកំពុងជួបការលំបាក និងវិស័យទេសចរណ៍ដ៏សំខាន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ប្រជាប្រិយភាពរបស់បុរសវ័យ ៦៨ឆ្នាំរូបនេះ បានស្ថិតក្នុងភាពស្រពិចស្រពិល ប៉ុន្តែកាលពីខែមុន លោកបានប្រកាសពីការប្រកួតប្រជែងបោះឆ្នោតឡើងវិញ នៅឯការប្រមូលផ្តុំមួយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
