ឥណ្ឌូនេស៊ីបញ្ជូនជំនួយមនុស្សធម៌ ១៤០តោន ទៅតួកគី និងស៊ីរី

ហ្សាកាតា៖ ប្រទេស ឥណ្ឌូនេស៊ី បានបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រទេសតួកគី និងស៊ីរី ក្រោយរញ្ជួយដី។ រដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ បានបញ្ជូនជំនួយមនុស្សធម៌មួយផ្នែកទៀត ដើម្បីជួយគាំទ្រដល់ប្រទេសតួកគី និងស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ។ យន្តហោះចំនួន ៤ គ្រឿងបានហោះហើរ ទៅកាន់ប្រទេសតួកគី និងប្រទេសស៊ីរី ដោយបានជញ្ជូនអាហារ ឱសថ និងសម្ភារចាំបាច់ផ្សេងៗទៀត សរុបចំនួន ១៤០ តោន។

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូលកូ វីដូដូ (Joko Widodo) បាននិយាយថា “នៅព្រឹកនេះ យើងកំពុងបញ្ជូនយន្តហោះចំនួន ៤ គ្រឿងទៅកាន់ប្រទេសទួកគី និងស៊ីរី ដែលនឹងចែកចាយស្បៀងអាហារចំនួន ១៤០ តោន និងការដឹកជញ្ជូនផ្សេងទៀតដែលត្រូវការនៅក្នុងតំបន់រងផលប៉ះពាល់” ។

លោកបានបន្តថា៖ «យើងក៏បានបញ្ជូនមន្រ្តីស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាបុគ្គលិកពេទ្យ និងមន្ទីរពេទ្យវាល ព្រមទាំងយន្តហោះ ហឺខ្យូលី (Hercules) ផងដែរ ដែលបានជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះសម្រាប់ជនរងគ្រោះដោយការរញ្ជួយដី នៅក្នុងប្រទេសទួកគី និងស៊ីរី»។

ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូហាយ៉ាន់តូ (Suharyanto) បានអធិប្បាយថា “គិតត្រឹមថ្ងៃនេះ ក្រុមគ្រូពេទ្យរបស់យើងបានព្យាបាលមនុស្សចំនួន ៤៥៤ នាក់ហើយ នៅក្នុងប្រទេសទួកគី ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ”៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner