សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង វិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង វិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅកម្ពុជា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូចនេះ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តម រ៉េមី បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនិងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប ៣០ឆ្នាំ វត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជា ហើយដែលភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងរយៈពេល ៣០ឆ្នាំមកនេះ បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ លើទី១- វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល, ទី២- ដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស និងទី៣- សុំការតម្រង់ទិសអំពីសម្ដេចតេជោ ថាតើចង់ឲ្យ ភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះទៀតនៅកម្ពុជា។

ឯកឧត្តម រ៉េមី ក៏បានជម្រាបជូនសម្ដេចតេជោ អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីកកើតឡើងវិញ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំង កំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេច បានជម្រាបជូនឯកឧត្តម រ៉េមី អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។

សម្ដេចតេជោ បានបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំង នោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ ។

ជាមួយគ្នានេះ ឯកឧត្តម រ៉េមី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានកត់ត្រាទុក្ខនៅរាល់អ្វីដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយឯកឧត្តម នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner