សម្ដេចតេជោ ហ៊ុន សែន ជម្រាបប្រធានក្រុមសភាអាល្លឺម៉ង់ ថា ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ចាំបាច់ណាស់ ត្រូវមើលសហគមន៍អាស៊ានទាំងមូល

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន ប្រធានក្រុមសភាអាល្លឺម៉ង់ ថា ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហគមន៍អឺរ៉ុប ចាំបាច់ណាស់ ត្រូវមើលសហគមន៍អាស៊ានទាំងមូល ។ នេះតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ក្នុងឱកាសដែលលោកជំទាវ Gabriele KATZA MAREK ប្រធានក្រុមសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចូលជួបសម្តែងការសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ លោកជំទាវ Gabriele សូមគោរព ជូនចំពោះសម្ដេចតេជោចំពោះជំហរ របស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០០៩ ហើយនៅពេលនេះ លោកជំទាវបានសង្កេតឃើញថា មានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ។

លោកជំទាវប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយថា ដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។

លោកជំទាវ Gabriele បានបន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ Gabriele ថា ករណីចំពោះរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កម្ពុជា មានគោលជំហរច្បាស់លាស់ នោះគឺរក្សាកណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍នូវគោលដៅរបស់លោកជំទាវ Gabriele និងបានជម្រាបជូនលោកជំទាវថា សហគមន៍អាស៊ាន ជាសហគមន៍មួយដែលអនុវត្តសេចក្តីសម្រេចតាមរយៈកុងសុងស៊ីស ។ ក្នុងន័យនេះ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ឲ្យបានទទួលជោគជ័យនោះ ត្រូវមើលសហគមន៍អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍អាស៊ាន ដោយឡែកពីគ្នានោះទេ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner