របាយការណ៍ចំនួន ៥៧២ បង្ហាញថាពលរដ្ឋម៉ាឡេស៊ីរងគ្រោះ ដោយសារ ក្រុមបោកប្រាស់ការងារនៅក្រៅប្រទេស

គូឡាឡាំពួ៖ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស ម៉ាឡេស៊ីបានទទួលរបាយការណ៍ចំនួន ៥៧២ ដែលជាប់ពាក់ព័ន្ធ នឹង ជនជាតិម៉ាឡេស៊ី ដែលបានក្លាយជាជនរងគ្រោះរបស់ក្រុមបោកប្រាស់ ថារកការងារឱ្យធ្វើនៅបរទេស នេះបើយោងតាមសភាជាន់ទាបម៉ាឡេស៊ី។

អនុរដ្ឋមន្ត្រីការបរទេសលោក ម៉ូហាម៉ាដ អាឡាមីន (Mohamad Alamin) បានលើកឡើងថា របាយការណ៍ទាំងនេះត្រូវបានទទួលតាមរយៈស្ថាន ទូត ម៉ាឡេស៊ីប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ និងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។

អនុរដ្ឋមន្ត្រីការបរទេសរូបនេះបានលើកឡើងថា «ក្រៅពីចំនួនជនរង គ្រោះ ទាំងអស់ មនុស្សចំនួន ៤០៣ នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ហើយក្នុងចំណោមពួកគេទាំងអស់ មានចំនួន ៣៨២ នាក់ត្រូវបានបញ្ជូន មកកាន់ប្រទេសម៉ាឡេស៊ីវិញ រួមទាំង ៥ នាក់ទៀតដែលទើបតែត្រលប់ មកវិញកាលពីថ្ងៃអាទិត្យមុន»។ លោកបានបន្តថា «មនុស្ស ២១ នាក់បន្ថែម ទៀតកំពុងស្ថិតនៅមន្ទីរឃុំឃាំង ខណៈដែលត្រូវរង់ចាំចំណាត់ការ តាមនីតិវិធី ដូចគ្នា ហើយ ១៦៩ នាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការតាមដាន»។

ការលើកឡើងបែបនេះ ក៏ដើម្បីធ្វើការឆ្លើយតបទៅនឹងសំណួររបស់ សមាជិក សភាមកពីគណបក្សសម្ព័ន្ធនៃក្តីសង្ឃឹម (Pakatan Harapan) លោក Aminolhuda Hassan ដែលបានសាកសួរទាក់ទងទៅនឹង វិធានការ នានា ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ីដែលជាជនរងគ្រោះពីការឆបោកនៅបរទេស ជាពិសេសក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ម៉ូហាម៉ាដ បានលើកឡើងថា ការចុះធ្វើសកម្មភាពដោយស្ថានទូត ម៉ាឡេស៊ីប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រួមមាន ការជួបប្រជុំ ជាមួយអាជ្ញាធរនៃប្រទេសដែលពាក់ព័ន្ធដើម្បីកំណត់ទីតាំង និងជួយសង្គ្រោះ ជន រងគ្រោះម៉ាឡេស៊ី ក៏ដូចជាការផ្តល់ជំនួយផ្នែកកុងស៊ុលឱ្យបានដិតដល់ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះ ដើម្បីអាចបញ្ជូនពួកគេត្រឡប់ ទៅកាន់ ប្រទេសកំណើតវិញ។

គួរបញ្ជាក់បន្ថែមថា ជាការឆ្លើយតបទៅនឹងសំណួរបន្ថែមរបស់លោក Aminolhuda ស្តីពីការចំណាយរបស់ក្រសួងការបរទេសដើម្បីនាំ យកជនរងគ្រោះពីការឆបោកទាំងនោះទៅកាន់ប្រទេសម៉ាឡេស៊ីវិញ និងថាតើក្រសួងត្រូវបង់ថវិកាលោះពួកគេដែរឬក៏យ៉ាងណានោះ? លោក បានលើកឡើងថា វាជាបន្ទុករបស់គ្រួសារជនរងគ្រោះ និងសាច់ញាតិ របស់ ពួកគេ។

លោកបានមានប្រសាសន៍ថា «រាល់ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍ តាមពិត មិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងទេ មិនមានការ ចំណាយណាមួយត្រូវបានធ្វើឡើងនោះទេ។ នេះជាទំនួលខុសត្រូវទាំងស្រុង របស់គ្រួសារ និងញាតិមិត្តរបស់ពួកគេ»។ លោកបន្តថា «ទី២ ការសងប្រាក់ វិញ មិនស្ថិតនៅក្រោមក្រសួង ឬរដ្ឋាភិបាលទេ។ វាក៏ជាការទទួលខុស ត្រូវ របស់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះផងដែរ»៕
ដោយ៖ ធា សុណា
ប្រភព៖ 572 reports of Malaysian victims involved in job scam syndicates overseas: Minister

ads banner