អាជ្ញាធររំពឹងថាកង្វះទឹកស្អាតនៅភ្នំពេញ នឹងត្រូវដោះស្រាយបានមួយ ផ្នែកធំពេលរោងចក្រទឹកស្អាតបាក់ខែងទី១ដំណើរការនៅខែឧសភា
ភ្នំពេញ៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹង ដាក់ឱ្យប្រើប្រាស់នៅក្នុងខែខែឧសភា ឆ្នាំនេះ ខណៈជំហានទី២វិញ ក៏គ្រោងនឹងបញ្ចប់ដំណើរការសាងសង់នៅដើមឆ្នាំ២០២៤ ខាងមុខ។គម្រោងទាំងពីរនេះត្រូវសង់ឡើងដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនៅតំបន់ជាយក្រុងភ្នំពេញ និងនៅភ្នំពេញ។
ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងពិធីបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាត ទន្លេសាបកាលពីថ្ងៃទី២១ ខែកុម្ភៈឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួង អាណាព្យាបាល ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានអនុម័តឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តគម្រោង វិនិយោគសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១និងជំហានទី២។ គម្រោងបាក់ខែងទី៣នឹងលេចជារូបរាងឡើងជាបន្តទៀត បន្ទាប់ពីគម្រោងបាក់ខែងទី១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែឧសភា និងគម្រោងបាក់ខែងទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់នាត្រីមាស ទី១ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំង តាមរយៈទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍន៍ AFD រួមជាមួយសហគមន៍អឺរ៉ុប ដែលបាន ផ្តល់ជំនួយ និងកម្ចីដ៏មានសារៈសំខាន់ សម្រាប់អនុវត្តគម្រោងដ៏ធំហៅ ថាគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតសរុបចំនួន ៣៩ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃនេះឡើង។
ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក នៃអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និង ជំហានទី២ គ្រោងផលិតទឹកស្អាតចំនួន៣៩០.០០០ម៉ែតត្រីគុណ ក្នុងមួយថ្ងៃ ពោលគឺស្មើរនឹង ៦០ភាគរយ នៃសមត្ថភាពផលិតទឹក ស្អាត នាពេលបច្ចុប្បន្ន ខណៈគម្រោងទាំងពីរនេះ គឺបានបន្ថែមការផ្គត់ផ្គង់ ទឹក ស្អាតជូនពលរដ្ឋរហូត ២៦៣.០០០ គ្រួសារថែមទៀត។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះបញ្ជាក់ទៀតថា៖« ក្រោយ ដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង២ជំហានខាងលើនេះ នឹងធ្វើឱ្យសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ១.០២០.០០០ម៉ែតត្រីគុណក្នុងមួយថ្ងៃ ផ្គត់ផ្គង់ចេញពីរោងចក្រទាំង៥ និងគ្រោងអតិថិជនសរុប៧១៤.០០០គ្រួសារ និងប្រវែងចែកចាយ សរុប ៤.៨៧០ គីឡូម៉ែត្រ នៅឆ្នាំ២០២៤» ។
អាជ្ញាធរជំនាញធ្លាប់បញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំង២នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញទទួលបានការផ្គត់ផ្គង់ទឹកស្អាត ដែលធានាបាននូវសម្ពាធទឹកល្អប្រសើរនៅពេលខាងមុខ។
ជុំវិញការរោងចក្រទាំងពីរជំហាននេះ ប្រធានកម្មវិធីអង្គការភ្លែន អន្តរជាតិ កម្ពុជា លោក ហង់ហ៊ីប៊ុណ្ណា បានបង្ហាញការសាទរចំពោះវត្តមានរោងចក្រ ទាំងពីរនេះ ខណៈលោកយល់ថា រោងចក្រទឹកស្អាតទាំងពីរជំហាននេះ នឹងជួយធានានដល់ការកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅទី ក្រុងភ្នំពេញ ពិសេសនៅតំបន់ទីប្រជុំជនដែលងាយរងគ្រោះកាន់តែ ប្រសើរ ឡើងមួយកម្រិតទៀត។
អ្នកធ្វើការលើវិស័យទឹកស្អាត និងអនាម័យរូបនេះបានបញ្ជាក់ដែរ ថា ៖«ថ្វីដ្បិតតែនៅតំបន់ទីប្រជុំជនមានការអភិវឌ្ឍ តែក៏ឃើញមានតំបន់ ប្រជុំជន ខ្លះនៅជួបបញ្ហាប្រឈមនឹងការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមផងដែរ»។
បើតាមក្រសួងឧស្សាហកម្ម បានឱ្យដឹងថា គម្រោងរោងចក្រផ្គត់ផ្គង់ ទឹក ស្អាតបាក់ខែងជំហានទី១ គឺជាសហហិរញ្ញប្បទាន រួមគ្នារវាង រដ្ឋាភិបាល កម្ពុជា តំណាងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាមួយទីភ្នាក់ងារបារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប(EU) ខណៈ គម្រោងរោងចក្រទឹកស្អាតបាក់ខែងជំហានទី២វិញ គឺជាសហហិរញ្ញប្បទាន រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាលើងារបារាំង(AFD)៕
ដោយ៖ សែម ពិសី