ក្រុមគណៈសង្ឃប្តេជ្ញាបង្កើនការធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមគណៈសង្ឃប្តេជ្ញាបង្កើនការធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះជនងាយរងគ្រោះនានា ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ។ មន្រ្តីសង្ឃកម្ពុជាបានអះអាងថា ព្រះសង្ឃគ្រប់ព្រះអង្គមិនត្រឹមតែបានបំពេញតួនាទីរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាក្នុងការអប់រំសង្គមឲ្យមានសន្តិសភាព គ្មានអំពើហិង្សាប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយទុក្ខលំបាកនានារបស់ជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសង្គមថែមទៀតផង តាមរយៈការផ្តល់អំណោយមនុស្សធម៌សម្រាប់សម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងពិធីប្រគល់ទេយ្យទាន គ្រឿងឧបភោគបរិភោគជាច្រើនមុខ ជូនដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ព្រះតេជគុណព្រះធម្មធរ សោម ស៊ីម រាជាគណៈថ្នាក់កិត្តិយស អនុគុណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ បានមានសង្ឃដីកាឲ្យដឹងថា ការសម្រេចប្រគល់គ្រឿងឧបភោគបរិភោគជូនដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញនេះ គឺដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋក្រីក្រជួបការលំបាកនៅតាមមូលដ្ឋាន។

ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា គ្រឿងឧបភោគបរិភោគទាំងនេះ កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ អាចយកទៅប្រើប្រាស់តាមលទ្ធភាពជាក់ស្តែងនៅតាមមូលដ្ឋាន ពោលគឺមិនប្រកាន់និន្នាការនយោបាយ សាសនាឬជាតិសាសន៍ឡើយ។ ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា ការធ្វើសកម្មភាពមនុស្សធម៌នេះ នឹងធ្វើឲ្យម្ចាស់ទានដែល បានប្រគេនព្រះសង្ឃកន្លងមកកាន់តែទទួលបានផល្លានិសង្ឃកើនឡើងបន្ថែមទៀត ដូច្នេះទី អារ៉ាមនេះ នឹងបន្តផ្តល់អំណោយមនុស្សធម៌នេះ ទៅដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញក្នុង១ឆ្នាំឲ្យបាន២ដង ខណៈគ្រឿងឧបភោគបរិភោគទាំងនេះលើសពីសេចក្តីត្រូវការរបស់ព្រះសង្ឃ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានសន្យានឹងប្រើប្រាស់ជំនួយមនុស្សធម៌នេះ ឲ្យចំគោលដៅ ពោលគឺការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា អំណោយមនុស្សធម៌របស់ព្រះសង្ឃនាពេលនេះ គឺជាទឹកព្រះទ័យដ៏គំរូក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលព្រះចៅអធិការវត្តប្រាសាទប្រគល់ជូនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះ មានចំនួន១៣មុខ ដែលគិតជាទឹកប្រាក់ជាង៣៨លានរៀល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner