ទីលានទុកដាក់សំរាមចំនួនពីរតម្លៃបីលានដុល្លារ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ត្រូវបានដាក់ឱ្យប្រើប្រាស់
ភ្នំពេញ៖ទីលានទុកដាក់សំរាមចំនួនពីរត្រូវបានក្រសួងសាធារណការ និង ដឹកជញ្ជូន ប្រគល់ជាផ្លូវការទៅដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ នាថ្ងៃទី២២ ខែកុម្ភៈ។នេះជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍ អាស៊ី ឬអេឌីប៊ី(ADB)។
ទេសរដ្ឋមន្រ្តីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងក្នុងពិធីប្រគល់-ទទួល, ចែកអំណោយជានិមិត្តរូប និង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមមានប្រសាសន៍ថា ៖ «ប្រជាពលរដ្ឋមិនសូវមានការចាប់អារម្មណ៍ ពីការងារផ្នែកការងារទីលានទុកដាក់សំរាមក៏ដូចជាប្រព័ន្ធចម្រោះទឹកកខ្វក់ដែលធ្វើដោយក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ ហើយថ្ងៃនេះជា លើកទី១ហើយដែលខ្ញុំ និងសហការីបានមកបើកសម្ពោធទីលាន ចាក់សំរាម នៅទីក្រុងកំពង់ឆ្នាំង ហើយនិងទីលានចាក់សំរាមមួយទៀតនៅក្រុង ពោធិ័សាត់នៅថ្ងៃដដែលនេះដែរ»។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា សម្រាប់ទីលានចាក់សំរាម ក្នុងក្រុង កំពង់ឆ្នាំងគឺជាគម្រោងទី១ និងនៅក្រុងពោធិ៍សាត់ជាគម្រោងទី២ លើគម្រោងទាំង១២គម្រោង ដែលអេឌីប៊ី បានជួយផ្តល់ជាឥណទាន និងបច្ចេកទេសក្នុងការសាងសង់ទីលានទុកដាក់សំរាមនេះឡើង។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងទាំង មូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិកតា នឹង គ្រោងឱ្យប្រើប្រាស់ពីឆ្នាំ ២០២២ ដល់ ឆ្នាំ២០៣២ សំរាប់ប្រជាជនក្នុង ក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលាន ទុកដាក់សំរាម។
សម្រាប់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ នៅទីលានទុកដាក់សំរាម ក្រុងពោធិសាត់ នេះបានចំណាយថវិកា ប្រមាណ ជាង ១,៦៧លានអាមេរិក ដែលបានចាប់ផ្តើមសាងសង់នាដើមខែមេសា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ នៅដើមខែមិថុនា ឆ្នាំ២០២២។
ក្រសួងបានឱ្យដឹងទៀត តាមផែនការរណ្តៅទុកសំរាមនេះ មានសមត្ថភាព ផ្ទុកបានរហួតដល់១៤ម៉ឺនម៉ែត្រត្រីគុណដែលគម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១៥,៥០ហិកតា និងគ្រោងប្រើប្រាស់ ក្នុងរយៈពេល១៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣៧ សម្រាប់ ប្រជាជនក្នុងក្រុងពោធិសាត់ និងស្រុកដែលនៅក្បែរទៅ លានទុកដាក់ សំរាមនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់នាឱកាសនោះដែរថា ៖ «ក្រៅពីសាង សង់ទីលានចាក់សំរាម យើងក៏កំពុងតែសាងសង់ប្រព័ន្ធចម្រោះ ទឹកកខ្វក់នៅ ខេត្ត កំពង់ឆ្នាំងបាន៥១ភាគរយហើយ ដែលមានតម្លៃជាង១៨លានដុល្លារ។ ប្រព័ន្ធលូ ប្រព័ន្ធចំរោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម ទាំងអស់នេះ ហើយ ដែល ធ្វើឱ្យយើងមានសុខភាពល្អ យើងអាចរស់រានមានជីវិត បាន យូរជាងមុន»។
ការរៀបចំទីលានទុកសំរាមនេះ ការរៀបចំកសាងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ជាគោលនយោបាយដ៏សំខាន់នៅក្នុងការថែទាំសុខមាលភាព សុខភាព របស់ប្រជាពលរដ្ឋ។ ប្រសិនបើមិនមានកន្លែងទុកដាក់សំរាម កន្លែងចម្រោះ ទឹកស្អាតនោះទេ វានឹងហូរចូលទៅក្នុងបឹងបួរ ទន្លេ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពបរបស់ប្រជាពលរដ្ឋ។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ស៊ុន ចាន់ថុល។
ចំណែក គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន ទី១ នៅទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំងវិញ បានចំណាយថវិកា អស់ជិត ១,៤លានដុល្លារ ដោយបានសាងសង់នៅខែមេសា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ គម្រោងនេះបានបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១,៦៥ហិកតា ដែលគ្រោងប្រើប្រាស់រយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២ សំរាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទៅលានទុក ដាក់សំរាម។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ធ្លាប់បានបង្ហាញឱ្យដឹងថា សំណល់ប្រមាណជាង ៦៤ភាគរយក្នុងចំណោមសំណល់សំរាម ១០០ ភាគរយ នៅក្នុងប្រទេសកម្ពុជា បានប្រមូលទៅចាក់នៅទីលានដាក់សំរាម។ ចំណែក ៣៥ភាគរយទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោលពាសវាលពាសកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។
ឯកឧត្តមបានបញ្ជាក់ដែរថា ៖ «ទាក់ទងនឹងការទុកដាក់សំរាមនេះ ក្រសួងបរិស្ថាន រួមនឹងដៃគូកំពុងសិក្សាពីបច្ចេកទេស ដើម្បីពិនិត្យលើ លទ្ធភាពក្នុងការរៀបចំទីតាំងចាក់សំរាម ដែលមានអនាម័យ និងមានបច្ចេក ទេសទំនើប»៕
ដោយ៖នាង សុគន្ធា