កម្ពុជាស្នើភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ជួយគាំទ្របន្ថែមលើការកែច្នៃផលិតផលកសិកម្ម
ភ្នំពេញ ៖ កម្ពុជាស្នើភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)ជួយគាំទ្របន្ថែមលើការកែច្នៃផលិតផលកសិកម្ម ។ ការស្នើនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាមួយអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD ) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សម្តេច ហ៊ុន សែន លើកឡើងអំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា ជាពិសេសការអនុវត្ត គោលនយោបាយឧស្សាហកម្មកម្ពុជា តាមរយៈការកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ ។
សម្តេចនាយករដ្ឋមន្រ្តី បានជម្រាបជូនអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។
សម្តេច បានបញ្ជាក់ថា ៖ « កម្ពុជានៅមានកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។ គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។ ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំង នោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ »។
ក្រៅពីនេះ សម្តេច ហ៊ុន សែន បានស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។
លោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប ៣០ឆ្នាំ វត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជា។
លោកបានបន្ថែមថា៖« ការវិនិយោគ នោះរួមមាន ទី១ វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល, ទី២ ដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស និងទី៣ សុំការតម្រង់ទិសអំពីសម្ដេចតេជោ ថាតើចង់ឲ្យ ភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះទៀតនៅកម្ពុជា»។
បើតាមលោក រ៉េមី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីកកើតឡើងវិញ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ីAgribee (Cambodia) លោក យ៉ង ប៉ាក់ បានមានប្រសាសន៍ថា កម្ពុជា ពិតជាត្រូវការចាំបាច់ណាស់ ចំពោះឃ្លាំងស្តុកស្រូវ ដោយសារតែកម្ពុជាផលិតស្រូវបានច្រើន និងមានការកើនឡើងទាំងបិរមាណ និងផ្ទៃដីដាំដុះ ដោយក្នុងឆ្នាំកន្លងទៅនេះ កម្ពុជា ផលិតស្រូវបានជាង១០លានតោន។
លោកបានបន្ថែមថា ការដែលមានឃ្លាំងស្តុកស្រូវគ្រប់គ្រាន់វាឱ្យកម្ពុជាអាចកាត់បន្ថយការនាំចេញវត្ថុធាតដើមទៅក្រៅ ជាពិសេសវៀតណាម កម្ពុជានាំចេញស្រូវទៅច្រើនជាងគេ ដូចនេះឃ្លាំងស្តុកស្រូវអាចរក្សាបាននូវបរិមាណស្រូវដែលផលិតបាន និងកែច្នៃជាអង្ករលក់បានក្នុងតម្លៃខ្ពស់ ។
លោកបានបញ្ជាក់ដូច្នេះថា៖« ឃ្លាំងស្តុកទុក ក៏ត្រូវមានម៉ាស៊ីនសម្ងួត ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម បង្កើនការនាំចេញផលិតផលកែច្នៃរួចវិញ។ អ្វីដែលចាំបាច់មួយទៀតនោះគឺដើមទុន ដោយយើងត្រូវការចម្លោះ ១៣០០ ទៅ ១៥០០លានដុល្លារ ដើម្បីប្រមូលទិញស្រូវឱ្យអស់ដើម្បីស្តុកទុក បើមិនដូច្នេះទេ យើងនៅតែនាំស្រូវសើមទៅវៀតណាមដដែល ។ ការនាំចេញទៅវៀតណាម មិនមែនមិនល្អទេ ប៉ុន្តែកាកសំណល់ពីស្រូវ ដូចជាកន្ទក់ ជាដើម ដែលអាចកែច្នៃផលិតជាចំណីសត្វនានា យើងត្រូវបាត់បង់ ហើយធ្វើការចំណាយថ្លៃដើមរបស់កសិករកើនឡើង»។
សូមជម្រាបថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)បានដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍ (AFD) គឺជាដៃគូប្រកបដោយទំនុកចិត្តរបស់កម្ពុជាចាប់តាំងពីការបើកដំណើរការសារជាថ្មីរបស់ខ្លួន ហើយក្នុងអំឡុងពេល ៣០ឆ្នាំ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៩០០លានអឺរ៉ូសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ការការពារបរិស្ថាន និងជីវៈចម្រុះ ថាមពល ទឹក និងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ វណ្ណ សុជាតា (CPA)