អង្គការស្នាមញញឹមកម្ពុជាប្រកាសផ្ដល់សេវាវះកាត់ព្យាបាលជូនអ្នកមាន មាត់ឆែបដោយឥតគិតថ្លៃ
សៀមរាប៖អង្គការស្នាមញញឹមកម្ពុជា និងមន្ទីរសុខាភិបាលខេត្ត សៀមរាប និងដៃគូពាក់ព័ន្ធប្រកាសផ្ដល់សេវាវះកាត់ព្យាបាល ជូន ដល់អ្នកដែលមានបញ្ហាមាត់ ឬ ក្រអូមមាត់ឆែប និងពិការភាពមុខ មាត់ ផ្សេងៗដោយមិនគិតថ្លៃ នាដើមខែមីនាខាងមុខនេះក្នុង ខេត្ត សៀមរាប។
ការផ្ដល់សេវាវះកាត់ឥតគិតថ្លៃនេះនឹងធ្វើឡើងនៅមន្ទីរពេទ្យខេត្តសៀមរាបចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ខាងមុខ ដោយ មានការសហការពីសមាគម Rotary Club Likas Bay សមាគមRotary Club Lu Chou និងមន្ទីរសុខាភិបាលខេត្ត សៀមរាប។
លោក ឈុត ចាំ ជាមន្ត្រីផ្នែករដ្ឋបាលប្រចាំអង្គការស្នាមញញឹមកម្ពុជា ហៅជាភាសាអង់គ្លេសថា ស្មាយ ខេមបូឌា (Smile Cambodia) បាន ឱ្យដឹងថា ការរៀបចំកម្មវីធីវះកាត់ឥតគិតថ្លៃនេះ គឺខាងអង្គការ បាន ធ្វើឡើងនៅមន្ទីរពេទ្យខេត្តសៀមរាប សម្រាប់អ្នកដែលមាន បញ្ហា មាត់ឆែប ឫក្រអូមឆែប និងអ្នកដែលមានស្ថានភាពពិការភាពមុខមាត់ ផងដែរ ដោយមិនប្រកាន់ថាជាកុមារ មនុស្សចាស់ឡើយ គឺ សុទ្ធតែ បានទទួលបានការវះកាត់បញ្ហាទាំងនេះដោយមិនគិតថ្លៃ។
លោកបន្តថា៖«ការវះកាត់បញ្ហាមុខ មាត់ ឫក្រអូមឆែបនេះ សម្រាប់ មនុស្សចាស់មិនមានលក្ខខណ្ឌតម្រូវអ្វីនោះទេ ប៉ុន្តែសម្រាប់ទារកឬ កុមារ គឺមានលក្ខខណ្ឌខ្លះដែលអាចទទួលបានការវះកាត់បាន ដោយ ចាប់ពីអាយុ៣ខែឡើងទៅ ត្រូវតម្រូវឱ្យមានទម្ងន់គ្រប់ចំនួនប្រាំមួយ គីឡូ និងចាប់ពី៩ខែឡើងទៅ ក៏ត្រូវតម្រូវឲ្យមានទម្ងន់ឲ្យគ្រប់ចំនួន ១០គីឡូក្រាម»។
លោកបញ្ជាក់ថា ចំពោះកម្មវិធីវះកាត់ឥតគិតថ្លៃនេះ នឹងមានការរៀបចំ រយៈ ពេលបួនថ្ងៃ ដោយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនាខាងមុខ។នៅថ្ងៃទី៨ ខែមីនា គឺជាថ្ងៃដែលរៀបចំទទួលចុះឈ្មោះអ្នកដែល មាន បញ្ហាជំងឺនេះ ដែលប្រព្រឹត្តឡើងនៅមន្ទីរបង្អែកខេត្តសៀមរាប។ថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា គឺជាថ្ងៃដែលរៀបចំធ្វើការវះកាត់ទៅដល់អ្នកដែល បាន មកចុះឈ្មោះ។
លោកបន្ថែមថា ក្រៅពីការវះកាត់ដោយឥតគិតថ្លៃហើយ ចំពោះការ ស្នាក់ នៅសម្រាកព្យាបាល ក៏មិនមានការចំណាយលើសេវាចំពោះអ្នក ដែលមិនមានជីវភាពធូរធារឬមិនមានលទ្ធភាពក្នុងការធ្វើដំណើរមកទទួលសេវាវះកាត់ឥតគិតថ្លៃទាំងនេះបាន ។អង្គការនឹងផ្ដល់នូវថវិកាជូនសម្រាប់ធ្វើដំណើរដល់អ្នកដែលមានបញ្ហាមាត់ឆែប ឫពិការភាពមុខមាត់ ដែលមានបំណងចង់ទទួលការ ព្យាបាល ។
លោក ឈុត ចាំ បន្តថា៖ «ដូច្នេះកម្មវីធីនេះសម្រាប់យើង គឺអត់ប្រកាន់ ថាកុមារ ឫមនុស្សចាស់នោះទេ ឲ្យតែគាត់មានបញ្ហាមាត់ឆែប ឬ ក្រអូមមាត់ឆែប គឺយើងទទួលការផ្ដល់សេវាវះកាត់ដោយឥត គិតថ្លៃ ទាំងអស់ សម្រាប់បុគ្គលណាក៏ដោយឱ្យតែមានបញ្ហាទាំងនេះ»។
លោកបន្ថែមថា ក្រោយពីការរៀបចំបញ្ចប់កម្មវិធីវះកាត់ឥតគិតថ្លៃ ទៅ លើជំងឺពិការភាពមុខមាត់នេះនៅមន្ទីរពេទ្យខេត្តសៀមរាបហើយ ខាង អង្គការអាចនឹងត្រឡប់មកមានគម្រោងរៀបចំបន្ទាប់ទៀតនៅរាជធានីភ្នំពេញវិញម្ដង។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បាន ប្រាប់ ថា លោកសុំមិនទាន់ធ្វើការអដ្ឋាធិប្បាយជុំវិញកម្មវិធីវះកាត់ ឥត គិតថ្លៃនេះ ដោយសារលោកមិនទាន់ទទួលព័ត៌មានលម្អិតពីកម្មវីធីនេះ នៅឡើយ។
សូមបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានអាជ្ញាប័ណ្ណដែលផ្តល់ការថែទាំវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលកើតមកមានបបូរមាត់ឆែប ក្រអូម មាត់ឆែប និងបញ្ហាពិការភាពមុខមាត់ផ្សេងទៀតក្នុង ប្រទេស កម្ពុជា។ អង្គការនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងសុខាភិបាលនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៥។ អង្គការ Smile Cambodia មានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជា ដៃគូដ៏រឹងមាំរបស់ខ្លួន ដែលធ្វើឲ្យវាអាចធ្វើទៅបានសម្រាប់ អង្គការ ក្រៅរដ្ឋាភិបាលក្នុងការផ្តល់ការវះកាត់ប្រចាំខែនៅមជ្ឈមណ្ឌលស្នាមញញឹម។ចាប់តាំងពីឆ្នាំ២០១៦កន្លងមក អង្គការស្នាមញញឹមកម្ពុជា បានពិនិត្យ និងព្យាបាលជំងឺឆែបមាត់ ឆែបក្រអូមមាត់ ជូនពលរដ្ឋបានចំនួន ប្រាំ លើកនៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ជា សុខនី