សហភាពអឺរ៉ុបត្រៀមដំណើរការកញ្ចប់ ទណ្ឌកម្មទី១០ ប្រឆាំង នឹង រុស្ស៊ី
ក្រុមអ្នកការទូតសហភាពអឺរ៉ុប បានឱ្យដឹងកាលពីថ្ងៃអង្គារ ថា សហភាព កៀកនឹងសម្រេច លើកញ្ចប់ទណ្ឌកម្ម ទី១០ ប្រឆាំងនឹង រុស្ស៊ី ចំពោះការឈ្លានពាន អ៊ុយក្រែន ។ រដ្ឋាភិបាល សហភាព សង្ឃឹមថា នឹងឈានដល់ កិច្ចព្រមព្រៀងមួយនៅ ថ្ងៃពុធនេះ ប្រសិន ពួក គេអាចស្រុះស្រួលគ្នា លើការបិទការនាំចូលកៅស៊ូ និងពេជ្រ របស់ រុស្ស៊ី ។ នេះបើតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ក្នុងកញ្ចប់ទណ្ឌកម្ម ចុងក្រោយប្លុក អឺរ៉ុប នឹង ដាក់គោលដៅលើជនជាតិរុស្ស៊ី ដែលរងការចោទប្រកាន់ ថា ជាប់ពាក់ព័ន្ធ នឹងការនិរទេស កុមារ អ៊ុយក្រែន ៦ពាន់នាក់ ដោយខុសច្បាប់ និង បង្ខំទៅរុស្ស៊ី ។ វាក៏ទំនងជា រួមបញ្ចូលជាលើកដំបូង ផងដែរ នូវការហាមឃាត់លើការ នាំចេញគ្រប់មុខ ទៅកាន់អង្គភាព អ៊ីរ៉ង់ ចំនួន ៧ ដែលរងការចោទប្រកាន់ ថា ពាក់ព័ន្ធ នឹង ការផលិតគ្រឿង បរិក្ខារផ្សេងៗ ដែលឱ្យ រុស្ស៊ី យកទៅប្រើដើម្បី វាយប្រហារ អ៊ុយក្រែន ។
ឯកអគ្គរដ្ឋ ទូតប៉ូឡូញ ប្រចាំសហភាពអឺរ៉ុប លោក Andrzej Sados បានថ្លែងបន្ទាប់ ពី កិច្ចពិភាក្សា ដោយ ឯកអគ្គរដ្ឋទូត នៃរដ្ឋាភិបាល ទាំង ២៧ របស់ ប្លុក នៅទីក្រុង ប្រ៊ុចសែល ថា ៖ « យើងកំពុង ពិភាក្សា នៅ ថ្ងៃនេះ អំពីកញ្ចប់ ទណ្ឌកម្ម ទី ១០ ប្រឆាំងនឹង រុស្ស៊ី » ។ លោក បន្តថា ៖ « យើងនឹងចាប់ផ្តើម ការពិភាក្សាឡើងវិញ នៅរសៀល ថ្ងៃស្អែក (ពុធ ) ដោយសង្ឃឹមថា យើងអាចរកឃើញ ភាគបែងរួម » ។ ពាក់ព័ន្ធ នឹង ការកំណត់ គោលដៅ លើស្ថាប័ន ឬ បុគ្គលដែលពាក់ ព័ន្ធ នឹង ការនិរទេស ក្មេង អ៊ុយក្រែន លោក Sados បានថ្លែងថា ៖ « យ៉ាងហោចណាស់ មានស្ថាប័ន រុស្ស៊ី ចំនួន ៣៤ ពាក់ព័ន្ធ នឹងការពង្រាត់ កុមារ អ៊ុយក្រែន ជាប្រព័ន្ធ រួមទាំង អ្នក ត្រួតពិនិត្យ កុមារ រុស្ស៊ី ផងដែរ » ។
កាលពីខែមុន ទីភ្នាក់ងារជនភៀសខ្លួន របស់ អង្គការសហប្រជាជាតិ (UNHCR) បានអះ អាងថា រុស្ស៊ី កំពុងផ្តល់ លិខិតឆ្លងដែន រុស្ស៊ី ដល់ក្មេងៗ អ៊ុយក្រែន និង ដាក់ពួកគេ សម្រាប់ ការសុំកូនចិញ្ចឹម ។ របាយការណ៍ ស្ថាប័ន ស្រាវជ្រាវ ឯករាជ្យ របស់ អាមេរិក មួយដែល ចេញផ្សាយ នាពេលថ្មីៗនេះ បានបង្ហាញ ថា រុស្ស៊ី បានបង្ខាំង កុមារ អ៊ុយក្រែន យ៉ាងតិច ៦ ០០០នាក់ ក្នុងទីតាំងនានាទាំងនៅតំបន់ គ្រីមៀ និង នៅ រុស្ស៊ី ។
យ៉ាងណាមិញ ស្ថានទូត រុស្ស៊ី នៅទីក្រុង វ៉ាស៊ីនតោន បានអះអាងថា រុស្ស៊ី ទទួលយកក្មេងៗ ដែលត្រូវបានបង្ខំ ឱ្យភៀសខ្លួន ចេញ ពី អ៊ុយក្រែន ។ ជាការឆ្លើយតបទៅនឹង UNHCR ក្រសួងការបរទេស រុស្ស៊ី បានចោទ ប្រកាន់ប្រមុខស្ថាប័នមួយនេះថា នៅស្ងៀម នៅពេលក្មេងៗ នៅតំបន់ ដុនបាស ស្លាប់ដោយសារ ការបាញ់ផ្លោង របស់ អ៊ុយក្រែន ក្រោមក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី ប្រកាស ឯករាជ្យ នៅ ឆ្នាំ២០១៤ ។
បន្ថែម ពីលើបញ្ហានេះ ក្នុងកញ្ចប់ទណ្ឌកម្មថ្មី លោក Sados បានឱ្យដឹងថា មានការវិវឌ្ឍ ខ្លះៗ លើការកំណត់ ការបិទ ការនាំចូលពេជ្រ រុស្ស៊ី ទាំងរលោង និង គ្រើម ដោយសារប្រទេស បែលហ្ស៊ិក កំពុងបន្ធូរបន្ថយ ការប្រឆាំង របស់ខ្លួន លើចំណាត់ការនេះ ទោះបី វានឹងធ្វើឱ្យប៉ះពាល់ ដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពេជ្រ ដ៏ធំបំផុត របស់ អឺរ៉ុប នៅទីក្រុង Antwerp ក៏ ដោយ ។
ទោះបីជាយ៉ាងនេះក៏ដោយ លោក Sados និង អ្នកការទូតផ្សេងទៀត បានគូសបញ្ជាក់ ផងដែរ ថា ពេជ្រទំនងជា មិនរាប់បញ្ជូលក្នុងកញ្ចប់ទណ្ឌកម្ម ថ្មី ទេ ព្រោះវិធានការ បែប នេះ នៅតែត្រូវការ ការសម្របសម្រួល ជាមួយបណ្តាប្រទេស G7។
ក្រុមអ្នកការទូត អឺរ៉ុប និយាយ ថា ទណ្ឌកម្ម ចុង ក្រោយ ក៏មិនដាក់បញ្ជូលវិស័យថាមពល នុយក្លេអ៊ែរ របស់ រុស្ស៊ី ឬក៏ក្រុមហ៊ុននុយក្លេអ៊ែរ រុស្ស៊ី Rosatom ទៅក្នុងបញ្ជីផងដែរ ដោយ សារតែបណ្តាប្រទេស នៅ អឺរ៉ុប មួយចំនួន រួម ទាំង បារាំង ទិញសារធាតុ អ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី សម្រាប់ រ៉េអាក់ទ័រ របស់ ពួកគេ ។
យ៉ាងណាមិញ ក្រុមអ្នកការទូត ដដែល បានឱ្យដឹងថា សហភាព អឺរ៉ុប កៀកឈានដល់ការសម្រុះសម្រួលមួយ ស្តីពីការហាមឃាត់កៅស៊ូ សំយោគ របស់ រុស្ស៊ី ទោះបីជា អាល្លឺម៉ង់ និង អ៊ីតាលី ប្រឆាំងនឹងការរឹតត្បឹត ទាំងស្រុង តាមការស្នើឡើង របស់ ប៉ូឡូញ និង បណ្តាប្រទេស បាល់ទិក ក៏ដោយ ។ ក្រៅពីនេះ ក៏មានការហាមឃាត់ផ្សេងៗទៀត ដូចជា ការបិទ ការលក់គ្រប់គ្រឿងបរិក្ខារ ឬ សមាសធាតុ ទាំងអស់ដែល រុស្ស៊ី អាចយកទៅប្រើក្នុងប្រព័ន្ធ ប្រដាប់អាវុធ រុស្ស៊ី ដូចជា ដ្រូន និង មីស៊ីល និង ឧទ្ធម្ភាគចក្រ ជាដើម ។
ហើយតាមការ រាយការណ៍ របស់ រ៉យទ័រ ដដែល សហភាព អឺរ៉ុប ក៏ទំនងជា នឹងកាត់ផ្ដាច់ ធនាគារ រុស្ស៊ីពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ (SWIFT) បន្ថែមទៀត ផងដែរ រួមទាំងធនាគារ ឯកជន Alfa-Bank ធនាគារ អនឡាញ Tinkoff និង ធនាគារ ផ្តល់ប្រាក់កម្ចី ពាណិជ្ជកម្ម Rosbank។
សហភាពអឺរ៉ុប ក៏អាច នឹងបិទបណ្ដាញព័ត៌មាន ផ្សាយ ជាភាសា អារ៉ាប់ Russia Today ពីទឹក ដី របស់ខ្លួន ផងដែរ ខណៈ ហាមឃាត់ការលក់ សៀគ្វី អេឡិចត្រូនិច និង គ្រឿងបន្លាស់ ប្រដាប់ វាស់កម្ដៅ វិទ្យុ និង រថយន្ត ធុនធ្ងន់ ក៏ដូចជាដែកថែប និង អាលុយមីញ៉ូម ដែលប្រើប្រាស់ ក្នុងការសាងសង់ និង គ្រឿងចក្របម្រើ ក្នុងវិស័យ ឧស្សាហកម្ម និង សំណង់ជាដើម ៕ ហួន ឌីណា (CPA)