ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD បន្តផ្តល់ឱកាសជួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស (Video Inside)

អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង លោក រ៉េមី រីយូ បានអញ្ជើញជួបសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងបានសុំអនុសាសន៍ណែនាំតម្រង់ទិសថាតើរាជរដ្ឋាភិបាល ចង់ឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះបន្ថែមទៀតនៅកម្ពុជា? ការសុំអនុសាសន៍ណែនាំនេះ បានធ្វើឡើងនារសៀលថ្ងៃទី២១កុម្ភៈឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតការចូលជួបសម្តែងក្តីគួរសមនៅវិមានសន្តិភាព។

ប្រទេសបារាំងបានជួយលើការអភិវឌ្ឍន៍ប្រទេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលមានចាប់តាំងពីឆ្នាំ១៩៩៣នោះមក។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានជួយកម្ពុជាលើវិស័យធំចំបងពីរ គឺហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម។

ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំងលោក រ៉េមី រីយូ បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមខួប៣០ឆ្នាំ នៃការបង្កើតទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងថាក្នុងរយៈពេល៣០ឆ្នាំមកនេះ បារាំងបានជួយវិនិយោគប្រមាណ ១ពាន់លានអឺរ៉ូលើវិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត, ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល និងការដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស។ លោក រ៉េមី រីយូ បានស្នើសុំរកការតម្រង់ទិសពីសម្ដេចតេជោ តើចង់ឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តធ្វើអ្វីខ្លះបន្ថែមទៀតនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតប បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយដល់កម្ពុជាលើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ដូចជាការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។

សម្ដេចតេជោ បានប្រាប់លោក រ៉េមី រីយូ អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ សម្ដេចតេជោបានថ្លែងបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។

ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍បារាំងលោក រ៉េមី រីយូ បានជម្រាបសម្ដេចតេជោវិញថា លោកបានកត់ត្រាទុកនៅរាល់អ្វីដែលសម្ដេច បានចង្អុលបង្ហាញ និងថាលោកនឹងធ្វើអន្តរាគមន៍ ជួយលើបញ្ហាអស់ទាំងនេះ៕

ads banner