ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ (Video Inside)
អគ្គមេបញ្ជាការរងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃ ដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក។
ខេត្តតាកែវ គឺជាខេត្តមួយដែលលាតសន្ធឹងជាប់នឹងប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរតំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។