ក្នុងខែ កុម្ភៈឆ្នាំ ២០២៣អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹង៥៦ និងមន្ត្រី ៤៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែកុម្ភៈ ឆ្នាំ ២០២៣នេះអង្គភាពរបស់ខ្លួនបានទទួលពាក្យប្តឹងសរុបចំនួន ៥៦ ហើយក្នុងនេះមន្ត្រី ៤៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយ មូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

បើយោងតាមសេចក្តីជូនដំណឹងនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ចបជុំលើកទី២០ អាណត្តិទី៣ នៃនារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣បានបញ្ជាក់ឱ្យដឹងថាអំពីរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយស្តីពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនេះ មន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៦៣៣ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ តាមរបប ០២ឆ្នាំ ចំនួន ៣១១ នាក់។មន្ត្រីទើបទទួលបានការតែងតាំងថ្មី ដែលមានជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និង បំណុល ចំនួន ២៧៨ នាក់។

ចំពោះការងារពាក្យប្ដឹងក្នុងខែកុម្ភៈនេះដែរអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៥៦ ពាក្យប្ដឹង។ ដោយឡែកចំពោះ ការងារអប់រំក្នុងការប្រឆាំងអំពើពុករលួយ អង្គភាពរបស់ខ្លួនបានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដើម្បីបញ្ចប់ពាក្យប្ដឹងដល់ មន្ត្រីអប់រំ នៅវិទ្យាល័យហ៊ុន សែន ចាក់អង្រែ ចំនួន ៤៩ នាក់ មន្ត្រីអប់រំ នៅវិទ្យាល័យ ទួលប្រាសាទ ចំនួន ៥៥ នាក់។ បានឧទ្ទេសនាមមេរៀនចំនួន ៣ ពាក់ព័ន្ធឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដល់មេធាវីជាកម្មសិក្សាការីសុក្រឹត្យការវគ្គទី១៣ ចំនួន ៨៣ នាក់។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយក្នុងខែកុម្ភៈនេះដែរក៏បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលបំរើការងារនៅមន្ទីរ ពេទ្យជាតិតេជោសន្តិភាព។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ ចំនួន ៨៧ គម្រោង របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត នៃអង្គភាពលទ្ធកម្ម ចំនួន ២៣ អង្គភាព៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner