ក្រុមកីឡាករប៉េតង់ ១៣ក្លឹប ចំណុះបញ្ជាការដ្ឋានសឹករងកំពង់ធំ ប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ ប្រចាំឆ្នាំ២០២៣
កំពង់ធំ៖ បន្ទាប់ពីបានប្រកួតរយៈពេលពេញមួយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមកីឡាករប៉េតង់ (ប៊ូល) ទាំង១៣ក្លឹប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានបិទបញ្ចប់ ក្រោមការផ្ដល់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មការរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងទទួលបន្ទុកការងារហ្វឹកហ្វឺន និងកីឡា បានធ្វើរបាយការណ៍អំពីលទ្ធផលនៃការប្រកួតដណ្ដើមយកពានរង្វាន់ប្រចាំឆ្នាំ២០២៣ ដែលមានកីឡាករចំនួន ១៣ក្លឹប ស្មើហ្នឹងចំនួន ៦៥នាក់ មកពីគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការប្រកួតកីឡា ត្រូវតែមានកីឡាករឈ្នះ និងកីឡាករចាញ់ ដូច្នេះការឈ្នះនឹងចាញ់គឺជារឿងធម្មតានៃការប្រកួតកីឡា។ ហេតុនេះសំណូមពរដល់ក្រុមកីឡាយើង ដែលមិនទាន់បានទទួលជ័យជំនះត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជោគជ័យសម្រាប់ក្លឹបនិងអង្គភាពខ្លួននៅពេលប្រកួតនាឆ្នាំក្រោយ និងឈានទៅក្រកួតជាមួយបណ្តាក្លឹបកីឡាផ្សេងៗទៀត ក៏ដូចជាថ្នាក់ជាតិផងដែរ។
ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ប៊ូលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដល់កិត្តិយសជូនពានរង្វាន់ និងមេដៃមាស ព្រមទាំងថវិកាចំនួន៤០ម៉ឺនរៀល សម្រាប់ក្លឹបតំបន់ប្រតិបត្តិការសឹករង១ ដែលទទួលបានចំណាត់ថ្នាក់លេខ១ , ចំពោះចំណាត់ថ្នាក់លេខ២ ជាកីឡាករមកពីក្លឹបតំបន់ប្រតិបត្តការសឹករង ២ ទទួលបានមេដៃប្រាក់ និងថវិកា ៣០ម៉ឺនរៀល និងកីឡាករលេខ៣ របស់ក្លឹបកងវរសេនាតូចលេខ១ បានទទួលមេដៃសំរិទ្ធ និងថវិកា ២៥ម៉ឺនរៀល ដោយឡែករង្វាន់លើកទឹកចិត្តចំណាត់ថ្នាក់លេខ៤ ត្រូវបានប្រគល់ជូនកីឡាករមកពីក្លឹបផ្នែកសឹករងប្រសាទបល្ល័ង្គ បានទទួលថវិកា ២០ម៉ឺន រៀល ៕ ដោយ ប៊ុន រដ្ឋា

