ពលរដ្ឋអាមេរិកជាង ៦៥លាននាក់រស់នៅក្នុងរដ្ឋជិត ៣០ ត្រូវបានជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្នអំពីអាកាសធាតុរដូវរងា

វ៉ាស៊ីនតោន៖ មនុស្សជាង ៦៥លាននាក់នៅទូទាំងរដ្ឋចំនួន ២៩ របស់សហរដ្ឋអាមេរិកស្ថិតនៅក្រោមការជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្ន អំពីអាកាសធាតុក្នុងរដូវរងារ ដែលរួមមានទាំងការព្រមានអំពីភាពត្រជាក់ខ្លាំងមិនធ្លាប់មាន។

សារព័ត៌មាន CBS News បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា ព្យុះរដូវរងាដ៏ធំមួយត្រូវបានគេរំពឹងថា នឹងនាំមកនូវព្រិលធ្លាក់ខ្លាំង និងភ្លៀងធ្លាក់គ្របដណ្តប់លើភាគច្រើននៃភាគខាងជើងនៃសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ជាមួយនឹងផលប៉ះពាល់យ៉ាងខ្លាំងដែលអាចកើតមាននៅទូទាំងតំបន់យ៉ាងធំទូលាយនៃប្រទេស។

ការព្យាករណ៍នេះ នឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសារប្រជាជនអាមេរិករាប់លាននាក់ ចាប់ពីតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ ដល់ភាគឦសាន បានប្រឈមមុខនឹងព្រិលដែលកំពុងធ្លាក់ ការភ្លៀងធ្លាក់ទៅជាទឹកកក ខ្យល់បក់បោកខ្លាំង និងទឹកជំនន់ដែលអាចកើតមានជាដើម។ អាកាសធាតុដ៏អាក្រក់នេះដែរ ក៏ទំនងជាធ្វើឱ្យការធ្វើដំណើរមានគ្រោះថ្នាក់ និងនាំឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើនផងដែរ។

ទន្ទឹមគ្នា ជើងហោះហើរជាង ១,៤០០ជើង ដែលបានគ្រោងទុកសម្រាប់ថ្ងៃពុធសប្តាហ៍នេះនៅក្នុងសហរដ្ឋអាមេរិកត្រូវបានលុបចោល ក្នុងនោះភាគច្រើននៅទីក្រុងមីនាប៉ូលីស ទីក្រុងដេនវើ និងទីក្រុងឌីត្រូត។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN ដកស្រង់ដោយគេហទំព័រ FlightAware៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner