នៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតត្រួតពិនិត្យ លទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សូមជម្រាបថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានប្រារព្ធពិធីបើកក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីបើកសន្និបាតនេះថា ក្រសួងមហាផ្ទៃ បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។
សម្តេចក្រឡាហោម បានលើកឡើងទៀតថា នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួនបានបន្ដខិតខំរកនិតិវិធីបន្ដបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាហេតុធ្វើឱ្យបទល្មើស មានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២% ។
សម្ដេចក្រឡាហោម បន្ដថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។
សម្ដេច បានបន្ថែមថា ព្រមជាមួយគ្នានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ការពារសុវត្ថិភាពបានទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឱ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ ៕ ដោយ វណ្ណលុក

