រុស្ស៊ីនឹងប្រកាន់ច្បាប់សន្ធិសញ្ញានុយក្លេអ៊ែរ ទោះបីជាមានការ ផ្អាកកិច្ចព្រមព្រៀងនេះជាមួយអាមេរិកក្ដី

មូស្គូ៖ មន្ត្រីការពារជាតិជាន់ខ្ពស់រុស្ស៊ីម្នាក់បានឱ្យដឹងកាលពីថ្ងៃពុធថា រុស្ស៊ីនឹងប្រកាន់ខ្ជាប់នូវដែនកំណត់ដែលបានព្រមព្រៀងក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ហើយបន្តជូនដំណឹងដល់ សហរដ្ឋ អាមេរិក អំពីការផ្លាស់ប្តូរនៃការដាក់ពង្រាយមីស៊ីលនុយក្លអ៊ែររបស់ខ្លួន បើទោះបីជាក្រុងមូស្គូផ្អាកកិច្ចព្រមព្រៀងនេះជាមួយក្រុងវ៉ាស៊ីនតោនក៏ដោយ។
សភារុស្ស៊ីទាំងពីរ បានបោះឆ្នោតគាំទ្រយ៉ាងរហ័សក្នុងការផ្អាក ការចូលរួមរបស់ទីក្រុងមូស្គូលើកិច្ចព្រមព្រៀង New START ដែលជាការអនុម័តលើការសម្រេចចិត្តដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ មន្ត្រីក្រសួងការពារជាតិកំពូលម្នាក់ លោក Yevgeny Ilyin បានប្រាប់សភាជាន់ទាប ឬសភាឌូម៉ាថា រុស្ស៊ីនឹងបន្តសង្កេតមើល ការរឹតបន្តឹងដែលបានព្រមព្រៀងលើប្រព័ន្ធចែកចាយនុយក្លេអ៊ែរ ដែលមានន័យថា មីស៊ីល និងយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ។
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោក Ilyin ដែលនិយាយថា ទីក្រុងមូស្គូក៏នឹងបន្តផ្តល់ការជូនដំណឹងដល់ ទីក្រុងវ៉ាស៊ីនតោន ស្តីពីការដាក់ពង្រាយនុយក្លេអ៊ែរ ដើម្បី «ទប់ស្កាត់ការជូនដំណឹងមិនពិត ដែលមានសារៈសំខាន់សម្រាប់ ការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ»។
ចំណែកឯអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ក៏បានបញ្ជាក់ឡើងវិញផងដែរ។ លោកបាននិយាយនៅក្នុងសេចក្តីអធិប្បាយ ដែលដកស្រង់ដោយទី ភ្នាក់ងារព័ត៌មាន Interfax ថា៖ «ខ្ញុំមិនជឿថា ការសម្រេចចិត្តផ្អាក សន្ធិសញ្ញា START ថ្មី នាំឱ្យយើងខិតទៅជិតសង្រ្គាមនុយ ក្លេអ៊ែរនោះទេ»។
ការធានាបែបនេះ អាចជាការបង្ហាញថា ការប្រកាសរបស់លោក ពូទីន នឹងមានផលប៉ះពាល់ជាក់ស្តែងតិចតួច បើទោះបីជាវាធ្វើឱ្យមានការ សង្ស័យលើអនាគតរយៈពេលវែងនៃសន្ធិសញ្ញាដែលបង្កើតឡើងដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរក៏ដោយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ START ត្រូវបានចុះ ហត្ថលេខា ក្នុងឆ្នាំ ២០១០ រវាងអាមេរិក និងរុស្ស៊ី ដោយកំណត់ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលប្រទេសទាំង២ អាចដាក់ពង្រាយបាន។ អ្នកវិភាគសន្តិសុខបានមើលឃើញថា ប្រសិនប្រើកិច្ចព្រមព្រៀងនេះបរាជ័យ ឬមិនអាចបន្តក្រោយ អស់សុពលភាពនៅឆ្នាំ ២០២៦ វាអាចនឹងធ្វើឱ្យមានការប្រកួត ប្រជែងអាវុធថ្មី ស្របពេលដែលលោកពូទីន កំពុងបង្ហាញកាន់តែ ខ្លាំងឡើងអំពីសង្គ្រាមអ៊ុយក្រែនថាជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយលោកខាងលិច។
ខណៈអាមេរិកសម្ដែងការព្រួយបារម្ភ ហើយហៅការប្រកាសរបស់ លោកពូទីនថាគ្មានទំនួលខុសត្រូវ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានថ្លែងថា៖ «អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើជំហររបស់ លោកខាងលិច។ ពេលមានឆន្ទៈក្នុងការពិចារណាលើកង្វល់របស់យើង នោះស្ថានភាព នឹងផ្លាស់ប្តូរ»៕
ដោយ៖ហួន ឌីណា
ប្រភព៖ Russia says it will play by nuclear treaty rules despite suspending deal with U.S.

ads banner