គ្រោះរាំងស្ងួតនៅតំបន់ស្នែងអាហ្វ្រិក មានលក្ខណៈធ្ងន់ធ្ងរជាងគ្រោះទុ រ្ភិក្ស ឆ្នាំ ២០១១
អន្តរជាតិ៖ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ និងកម្មវិធី IGAD បាន និយាយកាលពីថ្ងៃពុធថា សភាពនៃគ្រោះរាំងស្ងួតនៅតំបន់ស្នែង អាហ្វ្រិកមានលក្ខណៈធ្ងន់ធ្ងរជាងគ្រោះទុរ្ភិក្សដែលសម្លាប់មនុស្សរាប់សែននាក់ក្នុងឆ្នាំ ២០១១ ដោយសារតែភ្លៀងធ្លាក់តិចជាងធម្មតា នា រដូវវស្សាក្នុងរយៈពេល៣ខែខាងមុខ។
មជ្ឈមណ្ឌលនេះបានគូសបញ្ជាក់ថា ៖ «ផ្នែកខ្លះនៃប្រទេសអេត្យូពី កេនយ៉ា សូម៉ាលី និងអ៊ូហ្គង់ដា ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយគ្រោះរាំងស្ងួតនាពេលថ្មីៗនេះ អាចប្រឈមនឹងរដូវវស្សា ដែលរាំងស្ងួត៦ឆ្នាំជាប់ៗគ្នា»។ មជ្ឈមណ្ឌលដដែលបានបន្ថែមថា ស្ងួតជាងលក្ខខណ្ឌធម្មតា ក៏បានកើនឡើងផងដែរនៅតំបន់មួយចំនួន នៃប្រទេសប៊ូរុនឌី ភាគខាងកើតតង់ហ្សានី រវ៉ាន់ដា និងភាគខាង លិចស៊ូដង់ខាងត្បូង។
ស្របពេលដែលស្ថានភាពទុរ្ភិក្សមិនទាន់ឈានដល់កម្រិតនៅឡើយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូវ ហ្គូតទែរ៉េស បានថ្លែងកាលពីថ្ងៃពុធថា មនុស្ស ៨,៣ លាននាក់ ដែលច្រើនជាង ពាក់កណ្តាលនៃប្រជាជនសូម៉ាលី នឹងត្រូវការជំនួយមនុស្សធម៌ ក្នុងឆ្នាំនេះ។
ដោយសារតែបញ្ហានេះហើយ ទើបប្រធានមជ្ឈមណ្ឌល IGAD លោក Workneh Gebeyehu ជំរុញឱ្យរដ្ឋាភិបាល និងដៃគូធ្វើសកម្មភាព «មុនវាយឺតពេល»។
សូមគូសបញ្ជាក់ថា គ្រោះរាំងស្ងួតនៅស៊ូម៉ាលីដែលជាប្រទេសមួយ នៅតំបន់ស្នែងអាហ្វ្រិក បានអូសបន្លាយអស់រយៈពេល៣ឆ្នាំមកហើយ និងបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។ កាលពីខែមុន អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសសូម៉ាលីបានព្រមានថា ការស្លាប់ច្រើននៅក្នុងប្រទេស នឹងលើសចំនួននៃគ្រោះទុរ្ភិក្សក្នុង ប្រទេសនេះនៅឆ្នាំ ២០១១ ពេលមនុស្សជាង ២៦០ ០០០ បានស្លាប់ដោយសារអត់ឃ្លាន។
ប្រជាជនប្រហែល ១,៣ លាននាក់ ដែលមានស្រ្តី និងកុមារ ៨០ ភាគរយ បានផ្លាស់ទីលំនៅក្នុងប្រទេសសូម៉ាលី ក្រោយគ្រោះរាំង ស្ងួតវាយលុកតំបន់ស្នែងអាហ្វ្រិក។ បន្ទាប់ពីរដូវវស្សាខ្សត់ទឹកភ្លៀង កើតមាន៥ដងជាប់ៗគ្នាមក គ្រោះរាំងស្ងួតដែលកំពុងមាននេះ បានក្លាយជាគ្រោះរាំងស្ងួតយូរបំផុត និងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ សម័យថ្មីរបស់សូម៉ាលី។
យោងតាមក្រុមការងារសន្តិសុខស្បៀង ដែលដឹកនាំដោយអង្គការ ស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ និង អាជ្ញាធរអន្តររដ្ឋាភិបាលក្នុងតំបន់ស្តីពីការអភិវឌ្ឍមនុស្សជិត ២៣ លាននាក់រំពឹងថានឹងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅសូម៉ាលី អេត្យូពី និងកេនយ៉ា។ខណៈសភាពនៃផល ប៉ះពាល់ មានលក្ខណៈដុនដាបខ្លាំង សង្រ្គាមនៅអ៊ុយក្រែនបានជះឥទ្ធិពល ដល់ការឆ្លើយតបផ្នែកមនុស្សធម៌។
លោក Mohammed Mukhier នាយកសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ប្រចាំទ្វីបអាហ្រ្វិក បានថ្លែងថា គ្រោះរាំងស្ងួតដែលបង្កឡើងដោយការប្រែប្រួល អាកាសធាតុដែលអូសបន្លាយយូរ ហើយដដែលៗនេះ នឹង ធ្វើឱ្យបញ្ហាប្រឈមមនុស្សធម៌ក្នុងតំបន់កាន់តែធ្ងន់ធ្ងរទៅៗ រួមទាំងវិបត្តិអត់ឃ្លានដែលកំពុងបន្ត ផលប៉ះពាល់នៃកូវីដ១៩ និងការផ្លាស់ទីលំនៅ។
លោកបន្តថា៖ «យើងត្រូវការវិធីសាស្រ្តដើម្បីពង្រឹងប្រព័ន្ធស្បៀង ជីវភាពរស់នៅ និងភាពធន់អាកាសធាតុ»៕
ដោយ៖ហួន ឌីណា
ប្រភព៖ Drought in Horn of Africa worse than in 2011 famine