ថ្ងៃទី២៤ កុម្ភៈ សល់ពេល ៧០ថ្ងៃទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤កុម្ភៈ សល់ពេល ៧០ថ្ងៃទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សល់រយៈពេលតែ ៧០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
សូមជម្រាបថា ៦៤ឆ្នាំហើយ ដែលកម្ពុជារង់ចាំឱកាសធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ។ កាលពីឆ្នាំ១៩៥៩ កម្ពុជា គឺជាស្ថាបនិកម្នាក់ ដែលចូលរួមបង្កើតព្រឹត្តិការណ៍នេះ។ អ្វីដែលកម្ពុជា រង់ចាំនោះ នឹងឈានមកដល់។ កម្ពុជា នឹងយកឱកាសនៃពិធីបើកកីឡាស៊ីហ្គេមនេះ ដើម្បីបង្ហាញនូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្លួនឲ្យពិភពលោកបានដឹង បានស្គាល់។ ជាមួយគ្នានេះ កម្ពុជា ក៏នឹងបង្ហាញពីសក្ដានុពល នៃទេសចរណ៍ ពិសេសតំបន់ទេសចរណ៍ ធម្មជាតិ ដល់ភ្ញៀវបរទេស ដែលមកចូលរួមទៀតផង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ មាន ៣៧ប្រភេទកីឡា នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៣ប្រភេទកីឡាចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក


