សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រកោះពេជ្រ ។
សម្តេចតេជោ ប្រកាសថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាធំជាងគេ និងចំណាស់ជាងគេ ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងតាំងពីទស្សវត្សឆ្នាំ១៩៦០ និងបើកឱ្យប្រើប្រាស់តាំងពីពេលនោះមក។ ប៉ុន្ដែសាកលវិទ្យាល័យនេះ បានបោះបង់ចោលនៅសម័យពលពត ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្ដើមបើកឡើងវិញក្រោយការរំដោះពីរបបពលពត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែរនាំឱ្យនិស្សិត សិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនរង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែបន្តរៀនគ្រប់បែបយ៉ាង ជាពិសេស ទៅលើបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការងាររាជរដ្ឋាភិបាល។ សម្តេច បានជំរុញដល់មន្ត្រី ឱ្យបន្តប្រឹងរៀនសូត្រជាប់ជានិច្ច ដែលយ៉ាងហោចណាស់ ក៏ត្រូវចេះប្រើ Telegram facebook Zoom និងការកែ , ចារ ឬចុះហត្ថលេខា តាមSoft PDF ជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ ប្រកាសបង្កើនប្រាក់ឧបត្ថម្ភដល់វេនប្រចាំការនៅបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ពី ៥លានរៀល ទៅ ១០លានរៀល ចាប់ពីខែមីនា ឆ្នាំ២០២៣តទៅ ដើម្បីចាត់ចែងដល់អ្នកប្រចាំការនៅទីនោះចំនួន២៦នាក់ ៕ ដោយ វណ្ណលុក



